Share to: share facebook share twitter share wa share telegram print page

ខេត្តបាត់ដំបង

ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាខេត្តបាត់ដំបងមានទីប្រជុំជនធំនៅក្រុងបាត់ដំបងខេត្តបាត់ដំបងមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាបខាងត្បូងជាប់ខេត្តពោធិ៍សាត់ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី ប្រទេសសៀម

ខេត្តបាត់ដំបង
Battambong
ខេត្ត
Battambang Province
ខេត្តបាត់ដំបង
ទិដ្ឋភាពវត្តសង្កែ
ទិដ្ឋភាពវត្តសង្កែ
ផែនទីខេត្តបាត់ដំបង
ផែនទីខេត្តបាត់ដំបង
ប្រទេស កម្ពុជា
ទីរួមខេត្តក្រុងបាត់ដំបង
រដ្ឋបាលក្រុង ០១ និង ១៣ ស្រុក
ផ្ទៃក្រឡា
 • សរុប១១៧០២ គម2 (៤៥១៨ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា០៥
ប្រជាជន (ជំរឿនឆ្នាំ២០២៣)[]
 • សរុប១ ០៩៥ ៨៦២ នាក់
 • ចំណាត់ថ្នាក់០៥
 • សន្ទភាព៩៣/km2 (២៤០/sq mi)
 • ចំណាត់ថ្នាក់សន្ទភាព១៦
ល្វែងម៉ោងICT (ម.ស.ស.+០៧:០០)
ក្រមអ.ម.អ. ៣១៦៦KH-2
គេហទំព័រbattambang.gov.kh

អំពីឈ្មោះខេត្តបាត់ដំបង

បើ​តាម​សិលា​ចារឹក​ថ្ម​ប្រាសាទ​ដែល​យើង​មាននិង​បាន​រក​ឃើញ​រហូតមកដល់សព្វ​ថ្ងៃនៅ​មុន​សម័យនិង​សម័យ​អង្គរ​គេពុំ​បាន​​ឃើញ​ចែងឲ្យយើង​ដឹង​ទេថាតើ​សម័យ​នោះមានភូមិ​ស្រុក​ណា​មួយ​ដែល​មាន​ឈ្មោះបាត់​ដំបង​នោះ​ទេ។ប៉ុន្តែ​យើង​ក៏​មិនហ៊ាន​សន្និដ្ឋាន​ថាឈ្មោះ​បាត់​ដំបងនេះ​មាន​ប្រើ​ឬ​មិ​ន​ប្រើ​ក្នុង​សម័យ​នោះ​ដែរ។​ប៉ុន្តែ​ក្នុង​សម័យ​អង្គរ​និង​ក្រោយ​អង្គរ​​តាម​ឯកសារមហា​ជន​ខ្មែរ​មានប្រើ​ឈ្មោះ​ស្រុកបាត់ដំបង។​ហេតុ​អ្វី​បាន​ជា​ហៅ​ឈ្មោះ​បាត់​ដំបងប្រវត្តិ​សាស្ត្រ​សរ​សេរ​លើ​សិលា​ចារិក​មិន​បាន​ឆ្លើយ​ឲ្យ​ដឹង​ឡើយគឺ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ​គឺ​រឿង​តា​ដំបង​ក្រញូង​'ដែលខ្មែរយើង​យល់​​ថា​ជា​រឿង​កើត​មាន​តាំង​ពីសម័យ​អង្គរ​ដែល​បាន​ពន្យល់​ពី​ដើម​ហេតុដែល​នាំ​ឲ្យ​យើង​ហៅ​ឈ្មោះថា​បាត់ដំបង​ឬ​អូរ​ដំបង។ឯឈ្មោះថា​ព្រះ​ដំបងស្តេចរាមាទី១បាន​កំណត់​ឲ្យ​ហៅ​ឈ្មោះ​ភូមិ​សង្កែ​ថា​ជាព្រះ​ដំបង​

ប្រវត្តិសាស្ត្រ

ប្រាសាទឯកភ្នំ កសាងនាដើមសតវត្សទី១១

កាល​ពី​មុន​សម័យ​អង្គរនិង​សម័យ​អង្គរ​ភាគ​ខាង​លិចនិង​ភាគ​ពាយ័ព្យ​នៃបឹងទន្លេសាប​គឺ​ជា​ដែន​ដីអ​មោឃ​បុរៈ​និង​ជា​​ដែន​ដី​ភិមៈ​បុរៈ។នៅ​ក្នុងសម័យ​អង្គរ​ដែន​ដី​ឬ​ភូមិ​ភាគ​អមោឃ​បុរី​មាន​ការ​រីកចម្រើនខ្លាំង​ដោយ​សារដី​មាន​ជីវជាតិ​ល្អអាច​ដាំ​ដំណាំ​ស្រូវ​និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​បានប្រកប​ដោយ​ទិន្ន​ផល​ល្អ​ប្រសើរ។ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក​រស់​នៅ​ភូមិ​ភាគ​នេះ​​ច្រើនដែលជា​ភស្តុតាង ​បង្ហាញគឺ​មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​តំបន់​នេះ។ប៉ុន្តែ​ប្រាសាទ​បុរាណ​ទាំងនោះត្រូវបានរលំ​បាក់​បែក​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់លើក​លែង​តែតែប្រាសាទបាណន់ ប្រាសាទ​ឯក​ភ្នំ ប្រាសាទបាសែត ប្រាសាទ​ស្នឹងលិច-កើត ប្រាសាទបន្ទាយ​​ទ័យ ប្រាសាទដូនទ្រី។​ល​។ដែលនា​ម៉ឺនសព្វ​មុខ​មន្ត្រី​និង​ប្រជា​រាស្ត្រ​ជំនាន់​នោះ​បាន​កសាងឡើងសម្រាប់ជា​ទី​សក្ការៈ​បូជា​ដល់​ព្រះ​​អាទិ​ទេព​និងព្រះពោធិសត្វផ្សេង​ៗខាង​ព្រហ្មញ្ញ​សាសនានិងព្រះពុទ្ធ​សាសនា។នៅ​សតវត្ស​រ៍ក្រោយ​មក​ទៀតដែន​ដី​ខេត្ត​បាត់ដំបង​ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ចម្បាំងរាំង​ជល់ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​សៀម​តាំង​ពី​សត​វត្សរ៍ ១៥-១៦-១៧-១៨ ​ធ្វើឲ្យជីវភាពរស់​នៅ​របស់​ប្រជាជន​បាត់ដំបង​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​ព្រាត់ប្រាស់និរាសគ្រួសារទ្រព្យសម្បត្តិផ្ទះ​សម្បែង​គួរ​អោយ​ខ្លោច​ផ្សាក្រៃលែង។

ត្រាខេត្តបាត់ដំបង​ក្រោមសម័យគ្រប់គ្រង​ដោយសៀម

នៅ​ចុង​សត​វត្ស​រ៍ទី ១​៨ ដល់ដើម​សតវត្ស​រ៍ទី ​២០​ ខេត្តបាត់ដំបង​ក៏ធ្លាក់នៅក្រោមអំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​មួយ​សតវត្សរ៍ ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារ ចៅហ្វាបែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា " ត្រ​កូល​អភ័យ​វង្ស​ "​​អស់​ ០៦​ តំណរ​ហូត​ដល់​ឆ្នាំ ​១៩០៧ ។

តាម​សន្ធិសញ្ញា​បារាំង-សៀមចុះ​នៅថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​ឲ្យកម្ពុជាវិញនូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​កាប់​ជាង​មួយ​សតវត្ស​រ៍នោះគឺ​បាត់​ដំបង សៀមរាប-អង្គរសិរី​សោ​ភ័ណ​និង​ចុង​កាល់​ដោយប្តូរនិង​ខេត្ត​ត្រាចនិង​តំបន់​​ដាច់​សេឬប៉ាក់សេ (ដែន​ដី​លាវ)​ ប៉ែក​ខាង​លើ​នៃ​ទន្លេមេគង្គ។ប៉ុន្មាន​ខែ​ក្រោយ​មក​ព្រះ​ករុណា​ព្រះបាទស៊ីសុវត្ថិ​ទ្រង់​បាន​ចេញ​ព្រះរាជ​​ប្រកាស​លេខ​ ៦៦ ចុះ​ថ្ងៃទី​ ០៦ ខែធ្នូ ឆ្នាំ ១៩០៧​ កំណត់​ដែន​ដី​បាត់​ដំបង​ត្រូវ​បែង​ចែក​ជា ០​៣​ ខេត្តគឺ ខេត្ត​បាត់ដំបង ខេត្តសៀមរាប និង ខេត្ត​សិរី​សោ​ភ័ណ

នៅ​ឆ្នាំ ​១៩២៥ ទឹក​ដីខេត្ត​បាត់​ដំបងត្រូវ​បាន​បែង​ចែក​សាជា​ថ្មី​ឲ្យ​ទៅជា ខេត្ត​បាត់​ដំបង​ និង ខេត្តសៀមរាប ក្នុង​នោះ​ខេត្ត​បាត់ដំបង​មាន​ស្រុក ០​២ គឺ​ស្រុកបាត់ដំបង និង ស្រុកសិរីសោភ័ណ ។នៅ​ឆ្នាំ​ ១៩៤០ ខេត្ត​បាត់​ដំបង​​មាន​ស្រុក​ចំនួន ០​៧ គឺ​ស្រុកបាត់ដំបង ស្រុកសង្កែ ស្រុក​មោង​ឫស្សីស្រុក​មង្គល​បូរី ស្រុក​ទឹក​ជោរ ស្រុកសិរីសោភ័ណ និង​ ស្រុក​បិ​ត្បូង

នៅ​ខែឧសភា ឆ្នាំ​ ១៩៥៣​ តំបន់​រដ្ឋបាល​ប៉ោយ​ប៉ែត​ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ឲ្យស្រុក​សិរី​សោ​ភ័ណ។នៅខែកក្កដា ឆ្នាំ​ ១៩៥៧ ស្រុក​​ទឹក​ជោរ​ ត្រូវ​បាន​បែង​ចែក​ទៅជា​ ០២ ស្រុក​គឺ​ ស្រុក​ព្រះនេត្រព្រះ ​ និង​ ស្រុក​ភ្នំ​ស្រុក។​ស្រុកសិរីសោភ័ណ​ត្រូវ​បាន​បែង​ចែក​ទៅ​ជា​ ០២​ ស្រុក​ដែរ​​គឺ ស្រុក​សិរីសោ​ភ័ណ និង​ ស្រុក​បន្ទាយ​ឆ្មារ។​នៅ​ខែមីនា ឆ្នាំ ១៩៦៥ ​តំបន់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ដែល​បាន​បង្កើត​នៅ​ឆ្នាំ ​១៩៥៣ នោះ​ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ស្រុកឈ្មោះថាស្រុក​អូរជ្រៅ។នៅ​ខែកក្កដា ឆ្នាំ ១៩៦៥ ទឹក​ដី​មោង​ឫស្សី(ស្រុកមោងឬស្សី)​មួយ​ផ្នែក​ត្រូវ​បាន​កាត់​ទៅ​ជា​តំបន់​រដ្ឋ​បាល​​គាស់​ក្រឡ(ស្រុកគាស់ក្រឡ)។នៅ​ខែ​មីនា​ ឆ្នាំ ១៩៦៦ ស្រុកថ្មី​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​គឺ​ស្រុកថ្ម​ពួក​មាន​ទីតាំង​នៅតាំងនៅ​ថ្ម​ពួក។ជា​មួយ​គ្នា​នោះស្រុក​បន្ទាយ​ឆ្មារ​ត្រូវ​បាន​ដក​ចេញ​ពី​ខេត្ត​បាត់​ដំបង​ឲ្យ​ចំណុះ​ខេត្ត​ឧត្តរមាន​​ជ័យ​វិញ​ដែល​ជា​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី។

នៅ​ដើម​សម័យ​សា​ធារ​ណ​រដ្ឋ​ខ្មែរ​មាន​ស្រុក​ចំនួន​ ០២​ បាន​បង្កើត​ឡើង​គឺ​ ស្រុកបា​ណន់ និង ​ស្រុក​គាស់ក្រ​ឡ។សរុប​មក​ដល់​ត្រឹម​នេះ​​ខេត្តបាត់​ដំបង​មាន​ស្រុក​ចំនួន ០​៩ គឺ​ស្រុក​បាត់​ដំបង ស្រុក​សង្កែ ស្រុក​មោង​ឬស្សីស្រុក​មង្គល​បូរី ស្រុក​សិរី​សោ​ភ័ណ​​ ស្រុក​អូរ​ជ្រៅ​​ ស្រុក​ព្រះនេត្រ​ព្រះ ស្រុក​បាណន់ ស្រុក​គាស់ក្រ​ឡ និង​តំបន់​រដ្ឋបាល​ចំនួន​ ០២ ​គឺ​ តំបន់​រដ្ឋ​បាល​បាក់​ព្រា​ និង​ តំបន់​រដ្ឋ​បាល​ល្វា។ក្នុង​របប​​វាល​ពិ​ឃាត ០៣ ឆ្នាំ ០៨​ ខែ​ ២០ ថ្ងៃ​នៅ​ខេត្ត​បាត់​ដំបង​ក៏​ដូច​ជាខេត្ត​នានា​ទូ​ទាំង​ប្រទេស​ដែរ​ ប្រជាពល​រដ្ឋ​ត្រូវ​​បាន​ជម្លៀស​ចុះ​ឡើង​ពិសេស​​ពី​​តំបន់​ទី​ក្រុង​ទី​ ប្រជុំ​ជន​ទៅ​កាន់​ជន​បទ​និង​តំបន់​ព្រៃ​ភ្នំ។ខេត្តបា​ត់​ដំបង​ធ្លាប់​ល្បីថា​ជា​ជង្រុក​ស្រូវ​នៃ​ប្រទេស​បាន​ក្លាយ​ទៅជា​តំបន់​ទទួល​ទារុណ​កម្ម​កាប់​សម្លាប់​និង​បង្អត់​អាហារ​ពេល​នោះ​ខេត្ត​ពុំមាន​ព្រំ​ប្រទល់​ច្បាស់​លាស់​ទេ​ដោយសារអង្គ​ការ​ដឹក​នាំ​ពេល​នោះ​បានដាក់​ខេត្ត​បាត់​ដំបង​​ទៅ​ក្នុង​តំបន់​ភូមិ​ ភាគពាយ័ព្យ​ហើយ​មាន​តំបន់ ០​១ ​តំបន់ ០​៣​ តំបន់ ០​៤ និង​ តំបន់​ ០៥ ។ខណៈ​នោះ​មាន​ឮ​គេ​ហៅ​ឈ្មោះ​ស្រុក​ខ្លះ​ដែរ​ដូច​ជា​ស្រុក​​ភ្នំ​សំពៅ ស្រុក​បាត់​ដំបង ស្រុក​មង្គល​បូរីស្រុក​សង្កែ​ ​ស្រុកមោង​ឬស្សី​ ​ស្រុក​៤១​-​ស្រុក​៤២។ល។

ខេ​ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍នៅថ្ងៃ​ទី ១៣ ខែមករា ឆ្នាំ ​១៩៧៩។ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​មាន​ឈ្មោះ​​ថា​គណៈ​កម្មាធិ​ការ​ប្រជា​ជន​បដិវត្តន៍ ​(ខេត្ត​-​ស្រុក​-ទីរួម​ខេត្ត-​ឃុំ-​សង្កាត់​)។គណៈ​កម្មាធិការ​ប្រជាជនឃុំ​-​សង្កាត់​ត្រូវ​បាន​ជ្រើស​រើស​​ដោយ​ការ​បោះ​ឆ្នោត​ដំបូង​បំផុតនៅក្នុងឆ្នាំ​ ១៩៨៣។ពី​ឆ្នាំ​ ១៩៨៩ ដល់ ឆ្នាំ ១៩៨៦ ខេត្ត​បាត់ដំបង​មាន​ស្រុក​ចំនួន​ ០៩​ ទី​រួម​ខេត្ត​ចំនួន​ ០១ ។

នៅ​ឆ្នាំ​ ១៩៨៦ ស្រុក​ថ្មី ០​៣ ​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​មាន​ស្រុកបាណន់​ ​ស្រុក​បវេល ​និង ​ស្រុកឯ​កភ្នំ។ត្រឹម​តំណាក់​កាល​នេះខេត្ត​​បាត់​ដំបង​មាន ១២ ​ស្រុក​និង​ទី​រួម​ខេត្ត​ ០១ គឺ ​ស្រុក​មោង​ឬស្សីស្រុក​សង្កែស្រុក​បាណន់ ស្រុកឯក​ភ្នំស្រុក​បាត់ដំបង ស្រុករតនៈមណ្ឌ​ល ស្រុក​មង្គល​បូរីស្រុក​សិរិសោ​ភ័ណ ស្រុក​ព្រះ​នេត្រ​ព្រះស្រុកថ្មពួកស្រុក​ភ្នំ​ស្រុក​ និង​ ស្រុកបវេល​។

នៅ​ឆ្នាំ ​១៩៨៨​ ស្រុក​ចំនួន​ ០៥​ គឺ​ស្រុក​មង្គល​បូរី​ ​ស្រុក​ថ្ម​ពួកស្រុក​សិរី​សោ​ភ័ណស្រុក​ព្រះ​នេត្រព្រះ និង ​ស្រុក​ភ្នំ​ស្រុក ​ត្រូវ​បាន​​កាត់​ចេញ​ដើម្បី​បង្កើត​ជា​ខេត្ត​ថ្មី​មួយទៀត​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ចាប់​ពី​ពេលនោះ​រហូត​ដល់​ឆ្នាំ​ ១៩៩៣ ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​ ០៧ ​​ទី​រួម​ខេត្ត​ ០១ និង​ឃុំ​ចំនួន​ ៥៣​ និង​សង្កាត់​ចំនួន​ ១០ ។

ក្រោយ​មាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ទី​រួម​ខេត្ត​បាត់​ដំបង​ត្រូវ​បាន​ប្តូរឈ្មោះ​មក​ជា​ស្រុក​ស្វាយ​ប៉ោ​វិញ។ចំណែក​សង្កាត់​ទាំង ​១០​ ត្រូវ​បាន​ប្តូរ​​មក​ជា​ឃុំ​ដូច្នេះ​ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន ០​៨​ និង​ឃុំ​ចំនួន​ ៤៧ ។

នៅ​ឆ្នាំ​ ១៩៩៨ ក្រោយ​សមា​ហរណកម្មកងកម្លាំងកម្ពុជា​ប្រជា​ធិប​តេយ្យខេត្ត​បាត់​ដំបង​ត្រូវ​បាន​កាត់​ទឹក​ដី​មួយ​ផ្នែក​ទៀត​ដើម្បី​បង្កើត​ក្រុងប៉ៃលិន​ហើយ​ស្រុក​ចំនួន​ ០៤ ត្រូវ​បាន​បង្កើត​ថែម​មាន​ ស្រុក​សំឡូត ស្រុក​កំរៀងស្រុក​ភ្នំ​ព្រឹក ​និង​ ស្រុក​សំពៅ​លូន​។នៅ​ឆ្នាំ ​២០០០ ទឹក​ដី​ស្រុក​មោង​ឬ​ស្សី​ត្រូវ​បាន​រំលែក​មួយ​ផ្នែក​បង្កើត​ជា​ស្រុក​គាស់​ក្រឡ​ដែល​មាន ០​៦​ ឃុំ។ចំណែក​ឯ​ស្រុក​ស្វាយ​ប៉ោត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ស្រុក​បាត់​ដំបង​វិញ​។រីឯ​ស្រុក​បាត់​ដំបង​ដែល​មាន​ទីតាំង​នៅ​ថ្ម​គោល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​​ជា​ស្រុក​ថ្ម​គោល​វិញ។

ចាប់​ពី​ពេល​នោះ​រហូ​ត​មក​ដល់​បច្ចុប្បន្ន​ខេត្ត​បាត់​ដំបង​មានស្រុកចំនួន​ ១៣ ឃុំ​ចំនួន​ ៩៦​ និង​ភូមិចំនួន ​៧៤១​។ []

លក្ខណៈភូមិសាស្ត្រ

ទិដ្ឋភាពភ្នំបាណន់

ខេត្តបាត់ដំបង​គឺជា​ខេត្ត​ដែលមាន​ស្ថេរភាព​សន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិល​អស់​ជិត ០​៣​ ទសវត្សរ៍។​​ប៉ុន្តែ​ទោះបីជា​យ៉ាងណាជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ​នៅតំបន់​ជនបទ​នៅតែ​ជួប​ការ​លំបាក​នៅ​ឡើយ​ដោយហេតុថា​ ការរកចំណូល​តាមគ្រួសារ​នីមួយៗ​នៅមានកម្រិតទាប​បើប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង។ប៉ុន្តែក្នុងឆ្នាំ ២០០៧​ យើងឃើញថាខេត្តនេះមានសន្ទុះអភិវឌ្ឍន៍ទៅមុខយ៉ាងខ្លាំងព្រោះថាជីវភាពប្រជាជនធូរធារគ្រាន់បើបើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ហេតុ​ដូច្នេះហើយ​បាន​ជា​កន្លងមក​ថ្មីៗនេះ​រាជរដ្ឋាភិបាល​បានបង្កើត​ឡើងនូវ​គោល​នយោបាយ​ជាច្រើនដើម្បី​អភិវឌ្ឍ​ន៍ប្រទេស​តាម​រយៈ​ការ​រៀបចំនូវ​​ផែនការ​សេដ្ឋកិច្ចសង្គម ថ្នាក់​ជាតិ​សម្រាប់ឆ្នាំ ២០០១ ២០០៥។​ម៉្យាងទៀតខេត្តបាត់ដំបង​គឺ​ជា​ខេត្ត​មួយ​មាន​វិសាលភាពធំទូលាយ​និង​មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អក្នុង​កិច្ចការ​អភិវឌ្ឍន៍។​ខេត្តនេះ​មាន​ទីតាំង​ស្ថិត​នៅភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជាតាម​បណ្តោយផ្លូវជាតិលេខ ០៥ ដែល​មាន​ចម្ងាយ ​២៩១ គម​ ពីរាជធានីភ្នំពេញ។មាន​ភូមិសាស្ត្រ​ខាង​ជើង​ជាប់​នឹង​ខេត្ត​បន្ទាយមានជ័យខាង​កើត​ជាប់​នឹងខេត្តសៀមរាបនិង​បឹង​ទន្លេសាប​ខាងត្បូងជាប់នឹងខេត្តពោធិ៍សាត់និង​ខាងលិច​ជាប់នឹង​ខេត្តច័ន្ទបុរី ប្រទេសសៀមខេត្តបាត់ដំបង​ក៏ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូលដែរមានរដូវ ០២ សំខាន់ៗគឺរដូវ​វស្សានិង​រដូវ​ប្រាំង។រដូវ​វស្សាចាប់​ផ្តើមពី​ខែមិថុនា​ដល់​ខែវិច្ឆិកាចំណែកឯរដូវ​ប្រាំងចាប់ផ្តើមពី​ខែធ្នូដល់ខែ​ឧសភា។អាកាសធាតុក្តៅបំផុតនៅរដូវប្រាំង​មានរហូត​ដល់ ៣៨ អង្សាសេ ត្រជាក់បំផុតដល់ ១២ អង្សាសេ ​ហើយ​អាកាសធាតុ​មាន​ការ​ប្រែប្រួលទៅ​តាម​រដូវ​កាល​នីមួយៗ។

រដ្ឋបាល

ផែនទីខេត្តបាត់ដំបង

ខេត្តបាត់ដំបងចែកចេញជា ១៣ ស្រុក ក្រុង ០១ ក្នុងនោះមាន ៩៦ ឃុំ និង ៧៤១ ភូមិ។ [][]

លេខកូដ ស្រុក ជាអក្សរឡាតាំង ចំនួនឃុំ
០២០១ ស្រុកបាណន់ Banan ០៨
០២០២ ស្រុកថ្មគោល Thma Koul ១០
០២០៣ ក្រុងបាត់ដំបង Bat Dambang ១០(សង្កាត់)
០២០៤ ស្រុកបវេល Bavel ០៦
០២០៥ ស្រុកឯកភ្នំ Aek Phnum ០៧
០២០៦ ស្រុកមោងឫស្សី Moung Ruessei ១១
០២០៧ ស្រុករតនៈមណ្ឌល Rotanak Mondol ០៤
០២០៨ ស្រុកសង្កែ Sangkae ១០
០២០៩ ស្រុកសំឡូត Samlout ០៧
០២១០ ស្រុកសំពៅលូន Sampov Lun ០៦
០២១១ ស្រុកភ្នំព្រឹក Phnum Proek ០៥
០២១២ ស្រុកកំរៀង Kamrieng ០៦
០២១៣ ស្រុកគាស់ក្រឡ Koas Krala ០៦
០២១៤ ស្រុករុក្ខគិរី Rukhakiri ០៥

តំបន់ទេសចរណ៍

ខេត្ត​បាត់ដំបងជា​​ខេត្ត​មួយ​ក្នុងចំណោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​វិសាលភាព​ផ្ទៃដីធំមាន​ភោគសម្បត្តិ​ធម្មជាតិនិង​សំណល់វប្បធម៌​បុរាណ​ជា​ច្រើន។ប្រាសាទ​បុរាណ​ជាច្រើន​ស្ថិតនៅរាយ​ប៉ាយ​លើភ្នំលើទួលនិង​តំបន់លិចទឹកទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនាខេត្តនេះ។

ប្រាសាទភ្នំបាណន់

ប្រាសាទបាណន់​ជា​រចនាបថ​​កណ្តាល​សតវត្សរ៍​ទី ១១ និង ​ចុង​សតវត្សរ៍ទី ១២។ព្រះរាជា​ដែល​បាន​កសាង​មុនគេគឺព្រះ​បាទ​ឧទយាទិត្យា​វរ្ម័ន​ទី២ (១០៥០ ដល់ ១០៦៦) ក្រោយ​មក​ត្រូវ​បញ្ចប់​ដោយ​ព្រះ​បាទ​ជ័យវរ្ម័នទី៧ (១១៨១​ ដល់ ១២១៩)។ប្រាសាទ​បាណន់​ត្រូវបានកសាងលើកំពូលភ្នំ​ដែល​មាន​កំពស់​ប្រមាណជាង​ ១០០ម ដោយ​មាន​កាំ​ជណ្តើរ​ចំនួន ៣៥២​ កាំស្ថិតនៅក្នុង ​ឃុំ​កន្ទឺ២ ស្រុក​បាណន់​ មានចម្ងាយ​ ២៥ គម​ ពីទីរួមខេត្ត​តាម​ដង​ផ្លូវ​ខេត្ត​លេខ ​១៥៥​ ស្រប​តាម​ដង​ស្ទឹងសង្កែ​​ទៅទិស​និរតី។នៅ​ជើងភ្នំ​បាណន់មាន​គូទឹកនិង​ល្អាងសំខាន់​ពីរ​គឺ​ល្អាងព្រះទឹកនិង​ល្អាងបិទមាស។រមណីយដ្ឋាន​ប្រាសាទ​បាណន់​គឺជារមណីយដ្ឋានវប្បធម៌​ប្រវត្តិសាស្ត្រ​ផងនិង​ជារមណីយដ្ឋានធម្មជាតិ​ផងពីព្រោះវាកសាងឡើង​នៅលើ​កំពូលភ្នំប្រកប​ទៅដោយធម្មជាតិ​ព្រៃព្រឹក្សា​ដ៏ស្រស់ត្រកាលព្រមទាំង​មាន​ទឹកស្ទឹងសង្កែ​រួមជាមួយ​ផង។ភូមិសាស្ត្រ​ និងបរិស្ថាន​ជុំវិញ​បាន​ផ្តល់​អំណោយផល​​បន្ថែមទៀត​លើ​វិស័យ​ទេសចរណ៍ពីព្រោះ​សងខាងដងផ្លូវ​ទៅកាន់​រមនីយដ្ឋាននេះ​សម្បូរ​ទៅ​ដោយ​ភោគ​ផល​ដំ​នាំ​​កសិកម្ម​ដូដូចជាស្រូវជាពិសេសចម្ការក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មានរសជាតិឆ្ងាញ់។ដំណាំក្រូចផ្តល់ផល​ក្នុង​មួយ​ឆ្នាំ ០២ ដងហើយ​បាន​ដឹក​នាំទៅ​លក់​តាម​បណ្តា​ខេត្ត​នានា​និងរាជធានីភ្នំពេញផងដែរ។

ប្រាសាទ​វត្ត​ឯក​ ឬ ឯកភ្នំ ជា​​ស្ថាបត្យកម្ម​រចនាបទ​ក្នុង​សតវត្សរ៍​ទី ១១ កសាង​ឡើង​នៅ​ក្នុង​​ឆ្នាំ​ ១០២៧​ ក្នុងរជ្ជកាលព្រះ​បាទ​សុរិយវរ្ម័ន​ទី​១ (១០០២-១០៥០)។ប្រាសាទ​ឯកភ្នំ មាន​ទី​តាំងស្ថិត​នៅ​ក្នុង​ ឃុំ​ពាម​ឯក ស្រុកឯកភ្នំ មានចម្ងាយ ១៥ គម ពី​ទីរួម​ខេត្ត។នៅ​ជុំ​វិញ​ប្រាសាទ​មាន​គូទឹក​មួយសព្វ​ថ្ងៃ​​ប្រាសាទ​នេះត្រូវ​បាក់​បែក​ជា​ច្រើន​អន្លើ​ដោយ​សារធម្មជាតិនិងការជីក​កកាយ​ពី​មនុស្សប៉ុន្តែ​ទោះជាយ៉ាង​ណា​ក៏​ដោយ​ក៏ប្រាសាទ​នេះនៅ​មាន​ទ្រង់​ទ្រាយ​ល្អ​ខ្លះ​គួរឲ្យអ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនាផងដែរ។

ប្រាសាទបាសែត

ប្រា​សាទ​បាសែត​​​ត្រូវ​បាន​កសាង​​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយវរ្ម័ន​ទី១​ (១០០២-១០៥០) ដែល​មាន​ទី​តាំង​​លើ​ទួល​មួយ​ចំងាយ​​ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទ​បាសែត ជា​ស្ថាបត្យកម្ម​ក្នុង​ស.វទី​ ១១ កសាង​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។​ នៅ​ក្បែរ​ប្រាសាទ​នេះ​មាន​ស្រះទឹក​បុរាណ​មួយរាង​ការេ ២០ម បួន​ជ្រុង ជំរៅ១២ម លក្ខណៈ​ពិសេស​របស់​ស្រះ​ទឹក​បុរាណ​នេះ​គឺ​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា។

​ប្រាសាទស្នឹង

ប្រាសាទ​ស្នឹង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្នឹង​ ស្រុក​បាណន់ មាន​ចំ​ងាយ ២២ គ.ម ពីទីរួមខេត្ត។ ប្រាសាទ​ស្នឹង​កសាង​អំពីឥដ្ឋ​នៅ​លើ​ទួល​មួយ​បណ្តោយ ៣០​ម ទទឹង ២០ម។​ តាម​ការ​សង្កេត​មើល​ ប្រាសាទនេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹងបណ្តា​ប្រាសាទ​កសាង​ក្នុង​សតរត្ស​​ទី​ ១២ ដែរ។​ ប្រាសាទ​ចំនួន​ ២ ស្ថិត​នៅ​ក្នុង​បរិវេណ​រត្ត​ស្នឹង​ និង មួយទៀត​ស្ថិត​នៅ​ពី​មុខ​វត្ត នៅលើបណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៥៧ ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពីខេត្ត​បាត់ដំបង​ទៅ​ក្រុង​ប៉ៃលិន។

​ភ្នំសំពៅ

ល្អាងភ្នំសំពៅ

ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក ក្នុង​ថ្ងៃសំរាក ឫ បុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាន​នេះ​មាន​ទី​តាំង​ស្ថិត​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​ ១០​ ខាងឆ្វេង​ដៃ​មាន​ចំងាយ​ ១៣ គ.ម ពីទីរួមខេត្ត​។​ បើពិនិត្យ​ឱយ​​ម៉ត់​ចត់ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូចជា​សំពៅ មាន​កំពស់​ ១០០ ម មាន​កាំ​ជណ្តើរ​​ជាង​៧០០​កាំ។ ក្នុង​តួ​ភ្នំ​ទាំង​មូល​មាន​ល្អាង​ជា​ច្រើន​ ប៉ុន្តែ​ល្អាង​សំខាន់ៗ​ដែល​គេ​និយម​ទស្សនា​គឺ​ ល្អាង​ផ្កាស្លា​ ល្អាង​ល្ខោន ល្អាង​អសុក។ នៅ​លើ​កំពូល​ភ្នំ​មាន​វត្ត​មួយ​ឈ្មោះ​ថា​ វត្តគិរីរម្យ ។ នៅជុំ​វិញ​ក្បែរ​ភ្នំ​សំពៅ​ មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ទៀត​ដែល​មាន​​ទំនាក់​ទំនង​ជាមួយ​គ្នា​ក្នុងរឿង​ព្រេង​ខ្មែរ រាជកុល និង​ នាង​រំសាយសក់ ដូចជា​ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាង​រំសាយសក់។ល។​ ដែល​សុទ្ធ​តែ​ជា​រមណីយដ្ឋាន​ធម្មជាតិ។ ភំ្ន​សំពៅ​ស្ថិត​នៅ​ក្នុង​ភូមិ-ឃុំ​ភ្នំសំពៅ ស្រុកបាណន់។

​អាងកំពីងពួយ

អាងកំពីងពួយ

អាង​កំពីងពួយ​បាន​ត្រូវ​កសាង​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​អំឡុង​ទស្សវត្ស​ទី ៧៦ប្រជាជន​ជា​ច្រើន​រយ​ពាន់​អ្នក​ត្រូវ​បាន​ពលី​ក្នុង​ការ​កសាង​អាង​ទឹក​នេះ។ អាង​កំពីងពួយ​​ស្ថិត​នៅចន្លោះភ្នំពីរ​គឺ ភ្នំគល់ និង​ភ្នំ​តាង៉ែន ក្នុង​ឃុំ​តាគ្រាម​ ស្រុក​បាណន់​ មាន​ចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និង​មាន​ចំងាយ ១៩ គ.ម ពីផ្លូវ​ជាតិលេខ​ ៥៧ អតីត​ផ្លូវ​ជាតិ​លេខ​ ១០ ត្រង់​ចន្លោះ​ភ្នំ​ក្រពើ​និង​ភ្នំទ្រុង​មាន់។ ទំនប់អាង មាន​បណ្តោយ ៧៥០០ ម និង​ទទឹង​មាន​ ១៩០០ម អាច​ផ្ទុក​ទឹក​បាន​ចំនួន​ ១១០.០០០.០០០ ម៉ែតគូប នៅ​ក្នុង​រដូវ​វស្សា គឺ​ជា​ប្រភពទឹក​សំរាប់​ស្រោច​ស្រព​ តាម​សេច​ក្តី​ត្រូវ​ការ​ក្នុង​វិស័យ​កសិកម្ម។ អាង​​កំពីងពួយ​មិន​គ្រាន់តែ​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុងវិស័យ​កសិកម្មតែមួយ​មុខ​ប៉ុណ្ណោះទេ ជាពិសេស​លើស​ពី​នេះទៅទៀត​បាន​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍ គឺ​ជា​រមណីយដ្ឋាន​មួយដែល​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​និយម​ទៅ​លំហែ​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ទស្សនា​ភ្នំ​ និង​មុជទឹក​លេង។ ប្រជាជន​នៅ​ក្បែរ​អាង​កំពីង​ពួយ​មាន​អាជីវកម្ម​ធ្វើ​ស្រែ​ចំការ​និង​នេសាទ​ត្រី។

​សេកសក

សេកសក​គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ស្ថិត​នៅ​ចំងាយ​៥៦ គ.ម ពី​ទីរួម​ខេត្ត ក្នុង​ភូមិសាស្រ្ត​​ភូមិ​ផ្លូវ​មាស​ ស្រុក​រតនៈមណ្ឌល លើ​កំនាត់​ផ្លូវ​ជាតិ​លេខ​ ៥៧ អតីត​ផ្លូវជាតិ​លេខ ១០ មាន​ទឹក​ហូរ​ថ្លាឆ្វង់​ហូរ​កាត់ដោយ​ដុំ​​សិលា​រដិបរដុប​គួរ​ជាទី​មនោរម្យ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះ​ស្អេក​ស្កះ​និង​មាន​ម្លប់​ត្រឈឹង​ត្រឈៃ។​ សកម្មភាព​រស់​​នៅ​របស់​ប្រជាជន​នៅក្បែរ​តំបន់​នេះ​គឺ​ពឹង​ទៅ​លើ​ការធ្វើ​ស្រែ​ចំការ។ ដំនាំ​ទាំងអស់​នេះ​គឺ​ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។

​ស្ទឹងចំលងគួយ

រមនីយដ្ឋាន​ស្ទឹង​ចំលង​គួយ គឺ​ជា​រមនីយដ្ឋាន​ធម្មជាតិ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំលងគួយ ឃុំ​មាន​ជ័យ ស្រុក​សំឡូត មាន​ចំងាយ ៨២​គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។​ ស្ទឹង​ចំលងគួយ ជា​ស្ទឹង​មួយហូរកាត់​មក​ស្ទឹង​សង្កែ មាន​ទេសភាព​គួរ​ជាទី​ត្រេក​ត្រអាល​ មានទឹកថ្លាឆ្វង់​ហូរ​កាត់​ថ្ម​ដា​ធំៗ នៅមាត់ស្ទឹងមាន​ដើម​ឈើ​ធំៗ​ម្លប់ត្រឈឹងត្រឈៃសំរាប់​ការ​សំរាក​របស់ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ ដែល​បាន​ទៅ​កំសាន្តទី​នោះ។ ភូមិសាស្ត្រ​នៅ​តំបន់​នេះ​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អ​ប្រណិត​ដូចជា​ក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ​ក្បែរ​តំបន់​នេះ​ ភាគច្រើន​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ។

​បន្ទាយសត្វ

បន្ទាយ​សត្វ​ជា​តំបន់​ជំរក​សត្វ​ស្លាប​គ្រប់​ប្រភេទរស់នៅ ស្ថិត​នៅ​ក្នុងភូមិ​កោះជីរាំង និងភូមិព្រែកទាល់ ឃុំ​កោះជីរាំង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង និងមាន​ចំងាយ​ ១០៥ គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។ បន្ទាយ​សត្វ​ជាព្រៃ​រនាម​ជាប់​ព្រំ​ប្រទល់​ទន្លេសាប គឺ​គេ​អាច​​ទៅ​ទស្សនា​បាន​ដោយ​ធ្វើ​ដំនើរ​តាម​ផ្លូវទឹក​មាន​កាណូត​ទូក​ជាដើម នៅរដូវ​វស្សា​តាម​ដងស្ទឹង​សង្កែ។

រមណីដ្ឋានធម្មជាតិខេត្តបាត់ដំបង

រ​ម​ណីយ​ដ្ឋាន​សេក​សក

      សេកសក ​គឺ​ជា​ឈ្មោះ​រមណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យស្ថិត​នៅ​ចំ​ងាយ ៥៦​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ក្នុង​ភូមិ​សាស្រ្ត ភូមិ​ផ្លូវ​មាស ស្រុ​ករតនៈមណ្ឌុលលើ​កំ​ណាត់​​ផ្លូវ​ជាតិ​លេខ​៥៧ អតី​តផ្លូវ​ជាតិ​លេខ​១០ មាន​ទឹក​ហូរ ថ្លា​ឆ្វង់ ហូរ​កាត់​ប្រ​កប ដោយ​ដុំលិលា រដិ​ប​រ​ដុបគួ​ជា​ទីមនោរម្យ ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះស្អេក​ស្កះនិង​មាន​ម្លប់ត្រឈឹង​ត្រ ​ឈៃ ។ សកម្ម​ភាព​រស់​នៅ​ប្រ​កប​របរក​ស៊ី​របស់​ប្រជា​ជន​នៅ​ក្បែរ​តំ​បន់​នេះ​គឺ​ ពឹង​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចំ​ការ ។ ដំ​ណាំទាំង​អស់​នេះ​គឺ​សណ្តែក​ដី សណ្តែក​បាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។​

រមណីយដ្ឋានពពុះពេជ្រចិន្តា

      ពេជ្រចិន្តា ​គឺ​ជា​ឈ្មោះ​រម្មណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យ ដែល​មាន​ចំ​ងាយប្រ​មាណ ៤៤​ គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់​ដំ​បងតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១០ ទៅ​ប៉ៃលិន​​ដែលមាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រឹង ឃុំត្រឹង ស្រុក​រតនមណ្ឌល ។

រមណីយដ្ឋានស្ទឹងចំ​លងគួយ

      រមណីយ ​ដ្ឋាន​ស្ទឹង​ចំ​លង​គួយ គឺ​ជា​រមណី​យដ្ឋាន​ធម្មជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ចំ​លង​គួយ ឃុំ​មាន​ជ័យ​ស្រុក​សំ​ឡូតមាន​ចំ​ងាយ​៨២ ​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់​​​ដំ​បង ស្ទឹង​ចំ​លងគួយ​ជា​ស្ទឹង​មួយ​ហូរ​កាត់​មកស្ទឹង​សង្កែមាន​ទេស​ភាពគួរជាទី​ ត្រេកត្រអាល ក្នុង​ស្ទឹង​មាន​ទឹក​ហូរ​ថ្លាឆ្វង់កាត់​ថ្ម​ដា​ធំៗបញ្ជេញសំ​លេង​​ខ្ទ័រខ្ទារ នៅ​មាត់​ស្ទឹង​មាន​ដើម​ឈើរ​ធំ​ម្លប់​ត្រឈឹង​ត្រឈៃសំ​រាប់​ការសំរាក​របស់​ ភ្ញៀវ​ទេស​ចរជាតិ និង​អន្តរជាតិដែល​បាន​ទៅ​កំ​សាន្តនៅ​ទី​នោះ ។ ភូមិ​​សាស្រ្ត​នៅ​តំ​បន់​នេះ​សំ​បូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អប្រណិតដូចជា ក្រញូង ផ្ជឹក បេង នាងនួន ជា​ដើម។ ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​​តំ​បន់​នេះ​ភាគ​ច្រើន​ប្រ​ កបរបរ​ធ្វើ​ស្រែ ។

រមណីយ​ដ្ឋាន​បន្ទាយ​សត្វ

      បន្ទាយ ​សត្វ​ជា​តំ​បន់​ជំ​រក​សត្វ​ស្លាប​គ្រប់​ប្រ​ភេទរស់​នៅ ស្ថិត​នៅ​ក្នុង​ភូមិ កោះ​ជី​រាំង ឃុំ​កោះ​ជី​រាំង ស្រុក​ឯក​ភ្នំ​ មាន​ចំ​ងាយ​ ១០៥ ​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់​ដំ​បង ។ បន្ទាយ​សត្វ​ជា​ព្រៃ​រនាម​ជាប់​ព្រំ​ប្រ​ទល់​ទន្លេសាប​គឺ​គេ​អាច​ទៅ​ទស្សនា​ បាន​ ដោយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ទឹក​ មាន​កាណូត ទូក ជា​ដើម នៅរដូវ​វស្សាគេ​អាច​ធ្វើ​តាម​ដង​ស្ទឹង​សង្កែ ។[]

ឯកសារពិគ្រោះ

  1. "General Population Census of the Kingdom of Cambodia 2019 – Final Results" (PDF). National Institute of Statistics. Ministry of Planning. 26 January 2021. Archived from the original (PDF) on 26 តុលា 2022. Retrieved 3 February 2021.
  2. ប្រវត្តិសាស្ត្រខេត្តបាត់ដំបងពីអតីតកាលរហូតបច្ចុប្បន្ន[តំណភ្ជាប់ខូច]
  3. "វិទ្យាស្ថានជាតិស្ថិតិកម្ពុជា អំពីស្រុកក្នុងខេត្តបាត់ដំបង". Archived from the original on 2008-07-14. Retrieved 2008-02-29.
  4. "www.cambodia.gov.kh". Archived from the original on 2009-02-26. Retrieved 2008-07-25.
  5. រមណីដ្ឋានធម្មជាតិខេត្តបាត់ដំបង[តំណភ្ជាប់ខូច]

តំណភ្ជាប់ក្រៅ


Kembali kehalaman sebelumnya