សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)
ហ្វីហ្វា ឬមានឈ្មោះពេញថា សមាគមសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (អក្សរឡាតាំង៖ FIFA, ឈ្មោះពេញជាភាសាបារាំង៖ Fédération Internationale de Football Association និងជាភាសាអង់គ្លេស៖ International Federation of Association Football) គឺជាអង្គការមិនរកប្រាក់ចំណូលដែលតែងតែសម្តៅលើខ្លួនឯងថាជាស្ថាប័នគ្រប់គ្រងសមាគមកីឡាបាល់ទាត់ ហ្វុតសល និងកីឡាបាល់ទាត់ឆ្នេរខ្សាច់អន្តរជាតិ។ វាគឺជាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ខ្ពស់បំផុតលំដាប់ថ្នាក់អន្តរជាតិ។ ហ្វីហ្វាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០៤ ដើម្បីដើរតួជាអង្គការត្រួតពិនិត្យការប្រកួតប្រជែងអន្តរជាតិក្នុងចំណោមសមាគមប្រទេសជាតិដូចជា៖ បែលស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហុល្លង់ អេស្ប៉ាញ ស៊ុយអែត និងស្វីស។ ហ្វីហ្វាមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្ស៊ូរិច ប្រទេសស្វីស ហើយបច្ចុប្បន្ននេះ វាមានសមាជិកភាពរហូតដល់ទៅ ២១១ ប្រទេស។ ដើម្បីក្លាយជាសមាជិកហ្វីហ្វា ប្រទេសទាំងនោះត្រូវមានសមាជិកភាពក្នុងសហព័ន្ធមួយនៅក្នុងចំណោមតំបន់ទាំង ៦ ដែលត្រូវបានបែងចែកលើពិភពលោកគឺ៖ អាហ្វ្រិក អាស៊ី អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប អឺរ៉ុប និងអូសេអានី។ បច្ចុប្បន្ន ហ្វីហ្វាបានបង្ហាញពីគោលបំណងមួយចំនួននៅក្នុងលក្ខន្តិកៈរបស់អង្គការរួមមាន ការបង្កើនប្រជាប្រិយភាពនៃកីឡាបាល់ទាត់នៅជុំវិញសកលលោក ខិតខំប្រឹងប្រែងធានាថាមនុស្សគ្រប់រូបអាចទទួលព័ត៌មានផ្សេងៗពោលគឺដឹងឮពីកីឡាបាល់ទាត់ ការតស៊ូមតិដើម្បីសុចរិតភាពនិងការលេងដោយយុត្តិធម៌ (ហ្វែរផ្លេ)។[៣] ហ្វីហ្វាគឺជាអ្នកទទួលខុសត្រូវចំពោះការរៀបចំនិងការលើកកម្ពស់រាល់ការប្រកួតអន្តរជាតិធំៗជាពិសេសគឺការប្រកួតបាល់ទាត់ពិភពលោកដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ១៩៣០ និងការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារីដែលបានចាប់ផ្តើមនៅឆ្នាំ១៩៩១។ ក្រុមប្រឹក្សាសមាគមកីឡាបាល់ទាត់អន្តរជាតិដែលហ្វីហ្វាជាសមាជិកមួយគឺជាអ្នកកំណត់និងអនុវត្តច្បាប់នៅគ្រប់ការប្រកួតទាំងឡាយរបស់ហ្វីហ្វា។[៤] គ្រប់រាល់ការប្រកួតរបស់ហ្វីហ្វា ប្រាក់ចំណូលភាគច្រើនគឺបានមកពីការឧបត្ថម្ភដូចនៅឆ្នាំ២០១៨ ហ្វីហ្វាបានចំណូលជាង ៤.៦ លានដុល្លារអាមេរិកដែលបានបញ្ចប់វដ្តឆ្នាំ២០១៥–២០១៨ ជាមួយនឹងកម្រៃវិជ្ជមានណែតប្រមាណ ១.២ ពាន់លានដុល្លារនិងមានថវិកាទំនុកបម្រុងជាង ២.៧ ពាន់លានដុល្លារ។[៥] របាយការណ៍ពីអ្នកសារព័ត៌មានស៊ើបអង្កេតបានភ្ជាប់ថ្នាក់ដឹកនាំហ្វីហ្វាជាមួយបទអំពើពុករលួយ ការសូកប៉ាន់ និងការលួចបន្លំសន្លឹកឆ្នោតទាក់ទងនឹងការបោះឆ្នោតជ្រើសរើសម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកសម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០២២។ ការចោទប្រកាន់ទាំងនោះបាននាំឱ្យមានការធ្វើពិរុទ្ធកម្មលើមន្ត្រីជាន់ខ្ពស់របស់ហ្វីហ្វាចំនួន ៩ នាក់ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកពីបទចោលប្រកាន់មួយចំនួនដូចជា អំពើទុច្ចរិត ការលួចបន្លំតាមរយៈគ្រឿងអេឡិចត្រូនិច និងការបន្លំបង្វែរប្រាក់ជាដើម។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ មន្ត្រីហ្វីហ្វាមួយចំនួនត្រូវបានចាប់ខ្លួនដោយអាជ្ញាធរស្វីស។ មន្ត្រីទាំងនោះដែលត្រូវបានចោទប្រកាន់ដោយសហរដ្ឋអាមេរិកអាចនឹងត្រូវធ្វើបត្យាប័នដើម្បីប្រឈមមុខនឹងការចោទប្រកាន់នៅទីនោះផងដែរ។[៦][៧][៨] មន្ត្រីជាច្រើនរូបត្រូវបានបញ្ឈប់ពីការងារ (បណ្តោះអាសន្ន) ដោយហ្វីហ្វាមានដូចជាអតីតប្រធានលោកសែប ប្លាទ័រ[៩]និងលោកមីឆែល ប្លាទីនីជាដើម។[១០] ប្រវត្តិគំនិតក្នុងការបង្កើតស្ថាប័នមួយដើម្បីត្រួតពិនិត្យការប្រកួតកីឡាបាល់ទាត់ត្រូវបានផុសឡើងនៅដើមសតវត្សទី២០ ស្របពេលដែលប្រជាប្រិយភាពនៃកីឡាបាល់ទាត់កំពុងកើនឡើង។ ដូច្នេះ Fédération Internationale de Football Association (ឬ FIFA) ក៏ត្រូវបានបង្កើតនៅក្រោយទីស្នាក់ការសហភាពសហព័ន្ធកីឡាអត្តពលកម្មសង្គមបារាំង (Union des Sociétés Françaises de Sports Athlétiques – USFSA) នៅផ្លូវ Saint Honoré 229 នៃទីក្រុងប៉ារីសក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩០៤។[១១] សមាជិកស្ថាបនិកមានដូចជា៖ បែលស៊ិក ដាណឺម៉ាក បារាំង ហុល្លង់ អេស្ប៉ាញ (តំណាងដោយក្លឹបបាល់ទាត់ទីក្រុងម៉ាឌ្រីដព្រោះថារាជសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញមិនទាន់បង្កើតនៅឡើយ) ស៊ុយអែត និងស្វីស។ នៅថ្ងៃដដែរនោះ សមាគមកីឡាបាល់ទាត់អាល្លឺម៉ង់ (DFB) បានប្រកាសពីគម្រោងចូលរួមតាមរយៈទូរលេខ។[១] ក្រៅពីនៅទ្វីបអឺរ៉ុប មានប្រទេសនៅតាមទ្វីបផ្សេងៗជាច្រើនបានក្លាយជាសមាជិកថ្មីនៃហ្វីហ្វាមានដូចជា៖ អាហ្វ្រិកខាងត្បូងនៅក្នុងឆ្នាំ១៩០៩ អាហ្សង់ទីនក្នុងឆ្នាំ១៩១២ កាណាដាហើយឈីលីនៅឆ្នាំ១៩១៣ និងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៩១៤។[១២] នៅអំឡុងសង្គ្រាមលោកលើកទី១ កីឡាករអឺរ៉ុបជាច្រើនត្រូវបានប្រទេសរបស់ពួកគេកេណ្ឌយកទៅធ្វើសង្គ្រាមហើយការធ្វើដំណើរទៅប្រកួតតាមប្រតិទិនដែលបានកំណត់គឺត្រូវបានផ្អាកឬលុបចោលតែម្តង។ ពេលសង្គ្រាមបានបញ្ចប់ អង្គការមួយនេះត្រូវបានដឹកនាំដោយធនាគារិកាជនជាតិហុល្លង់ម្នាក់ឈ្មោះសាល ហឺត្សច៍ម៉ាន។ ដោយសារវិបត្តិនិងផលអវិជ្ជមាននៅក្រោយសង្គ្រាម អង្គការហ្វីហ្វាគឺស្ទើរតែក្ស័យធនទៅហើយប៉ុន្តែសម្ពាធវិបត្តិហិរញ្ញវត្ថុបានបាត់ទៅវិញបន្ទាប់ពី"ក្រុមប្រទេសម្ចាស់ផ្ទះ" (ប្រទេសសមាជិកនៃសហរាជាណាចក្រ) បានសម្រេចដកខ្លួនចេញដោយប្រកាសថាខ្លួននឹងមិនប្រកួតជាមួយអតីតសត្រូវសង្គ្រាមលោកទៀតឡើយ។ ទោះជាយ៉ាងណានៅក្នុងឆ្នាំ១៩២៤ ក្រុមប្រទេសទាំងនោះក៏បានសម្រេចចិត្តចូលជាសមាជិកហ្វីហ្វាវិញម្តងទៀត។ សារមន្ទីរប្រវត្តិសាស្ត្រដែលទាក់ទងនឹងហ្វីហ្វាដំបូងបង្អស់បានបើកដំណើរការឡើងនៅឆ្នាំ២០០១ នៅទីក្រុងមែនឈេសទ័រ ប្រទេសអង់គ្លេស។[១៣] ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកដំបូងត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ១៩៣០ នៅទីក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ូរុយគ្វេ។[១៣] រចនាសម្ព័ន្ធសហព័ន្ធចំនួនប្រាំមួយ និងប្រទេសសមាជិកចំនួន ២១១ក្រៅពីស្ថាប័នអន្តរជាតិផ្សេងៗ ហ្វីហ្វាបានទទួលស្គាល់សហព័ន្ធចំនួន ៦ ដែលមានតួនាទីត្រួតពិនិត្យនិងរៀបចំការប្រកួតនៅតាមទ្វីបនិងតំបន់ផ្សេងៗទៀតនៅលើពិភពលោក។ ច្បាប់និងវិន័យនៃសហព័ន្ធទ្វីបត្រូវបានចែងនៅក្នុងលក្ខន្តិកៈរបស់ហ្វីហ្វា ហើយការចូលជាសមាជិកសហព័ន្ធគឺជាតម្រូវការមូលដ្ឋានមុននឹងចូលជាសមាជិកផ្លូវការរបស់ហ្វីហ្វា។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC, ៤៧ សមាជិក)[lower-alpha ១] សហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក (CAF, ៥៦ សមាជិក) សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF, ៤១ សមាជិក)[lower-alpha ២] សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL, ១០ សមាជិក) សហព័ន្ធកីឡាបាល់ទាត់អូសេអានី (OFC, ១៣ សមាជិក)[lower-alpha ១] សមាគមសហភាពកីឡាបាល់ទាត់អឺរ៉ុប (UEFA, ៥៥ សមាជិក)[lower-alpha ៣] ហ្វីហ្វាបានទទួលស្គាល់ប្រទេសសមាជិកចំនួន ២១១ សរុបនិងក្រុមជម្រើសជាតិនារីរបស់ប្រទេសទាំងនោះចំនួន ១២៩ ក្រុម; សម្រាប់ព័ត៌មានបន្ថែម សូមមើលបញ្ជីរាយក្រុមជម្រើសជាតិបាល់ទាត់។ ចំនួនសមាជិករបស់ហ្វីហ្វាគឺមានអត្រាខ្ពស់ជាងចំនួនរដ្ឋសមាជិក អសប ដោយហ្វីហ្វាបានទទួលស្គាល់ថាខ្លួនមានសមាជិកចំនួន ២៣ មកពីរដ្ឋដែលគ្មានអធិបតេយ្យភាពដូចជាក្រុមម្ចាស់ផ្ទះទាំងបួននៃសហរាជាណាចក្រ ឬក៏ទឹកដីជម្លោះនយោបាយដូចជារដ្ឋប៉ាឡេស្ទីនជាដើម។[១៤] គណៈកម្មាធិការការងារនៃប្រជាជាតិតូចៗរបស់ហ្វីហ្វាបានចាត់ចំណាត់ថ្នាក់រដ្ឋដែលមានសក្តានុភាពចូលជាសមាជិកជាបីក្រុម៖ ១. រដ្ឋឯករាជ្យដែលមិនទាន់ជាសមាជិកហ្វីហ្វា (មាន គីរីបាទី កោះម៉ាសាល់ មីក្រូនេស៊ី ម៉ូណាកូ ប៉ាឡូ ទូវ៉ាលូ និងទីក្រុងវ៉ាទីកង់) ២. រដ្ឋ/ទឹកដីគ្មានអធិបតេយ្យភាព (កោះអ័រឡែន ហ្គោដឺឡូប ក្រូអិនឡង់ ហ្គឺនស៊ី កោះមែន ជឺស៊ី ម៉ាទីនីក កោះម៉ារីណាខាងជើង រេអុយញ៉ុង ស៊ីងម៉ាទីន សង់ស៊ីបារ) ៣. តំបន់ជម្លោះនយោបាយ (អាប់កាស៊ី គ្រីមៀ ស៊ីបខាងជើង និងអូសេទីខាងជើង)។[១៥][១៦] ចំណាត់ថ្នាក់ហ្វីហ្វាពិភពលោកគឺត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែដោយផ្អែកលើលទ្ធផលរបស់ក្រុមជម្រើសជាតិនីមួយៗនៅក្នុងកម្មវិធីប្រកួតអន្តរជាតិនានា ការប្រកួតវគ្គជម្រុះ និងការប្រកួតមិត្តភាពជាដើម។ ចំណាត់ថ្នាក់ពិភពលោកសម្រាប់កីឡាបាល់ទាត់នារីក៏មានវត្តមានផងដែរដោយត្រូវធ្វើបច្ចុប្បន្នភាពចំនួន ៤ ដងក្នុងមួយឆ្នាំ។ ច្បាប់ និងស្ថាប័ន
កម្មវិធីប្រកួតរបស់ហ្វីហ្វាជម្រើសជាតិផ្នែកបុរស
ផ្នែកនារី
ក្លិបផ្នែកបុរស ផ្នែកនារី កីឡាអេឡិចត្រូនិកក្រុម អតីតកម្មវិធីប្រកួត![]() ជើងឯកនៃកម្មវិធីប្រកួតរបស់ហ្វីហ្វានាពេលបច្ចុប្បន្នចំណាត់ថ្នាក់ពិភពលោករបស់ហ្វីហ្វាបុរសតារាងខាងក្រោមនេះគឺជាក្រុមជម្រើសជាតិបុរសទាំង ២០ ល្អបំផុតនៅលើពិភពលោក។[១៨]
នារីតារាងខាងក្រោមនេះគឺជាក្រុមជម្រើសជាតិនារីទាំង ២០ ល្អបំផុតនៅលើពិភពលោក។[១៩]
អ្នកឧបត្ថមមើលផងដែរកំណត់សម្គាល់
ឯកសារយោង
តំណភ្ជាប់ក្រៅ
ផ្សេងៗ |