ដែនជ្រោយហ្កាហ្សា
ដែនជ្រោយហ្កាហ្សា ឬហៅសាមញ្ញៗថា ហ្កាហ្សា[ស ៣] គឺជាទឹកដីប៉ាឡេស្ទីនតូចមួយស្ថិតនៅជាប់ឆ្នេរសមុទ្រខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ និងប៉ែកខាងត្បូងបំផុតនៃអនុតំបន់ឡេវ៉ាននៃតំបន់អាស៊ីខាងលិច។ ប្រជាជនរស់នៅហ្កាហ្សាបច្ចុប្បន្នភាគច្រើនគឺជាជនភៀសខ្លួនប៉ាឡេស្ទីន និងកូនចៅរបស់ពួកគេ ហើយដោយសារតែមានក្រឡាផ្ទៃតូចបើប្រៀបទៅនឹងចំនួនប្រជាជន ហ្កាហ្សាគឺជាទឹកដីដែលមានដង់ស៊ីតេប្រជាជនច្រើនជាងគេបំផុតមួយនៅលើពិភពលោក។ ទិន្នន័យប៉ាន់ប្រមាណចំនួនប្រជាជននៃតំបន់នេះនៅចុងឆ្នាំ២០២៤ បានបង្ហាញឱ្យឃើញថាហ្កាហ្សាមានប្រជាជនរស់នៅសរុប ២.១ លាននាក់ ដែលជាការធ្លាក់ចុះ ៦% ធៀបនឹងចំនួនប្រជាជនឆ្នាំមុន ដែលបង្កឡើងដោយសង្គ្រាមហ្កាហ្សា។[៧] ហ្កាហ្សាមានព្រំប្រទល់ជាប់នឹងប្រទេសអេហ្ស៊ីបនៅភាគនិរតី និងប្រទេសអ៊ីស្រាអែលនៅភាគខាងកើតនិងជើង។ រដ្ឋធានី និងទីក្រុងធំបំផុតនៃតំបន់នេះគឺ ទីក្រុងហ្កាហ្សា។[៨] ទម្រង់ទឹកដីនៃដែនជ្រោយហ្កាស្សាបច្ចុប្បន្នត្រូវបានបង្កើតឡើងខណៈពេលដែលតំបន់ហ្កាហ្សាកំពុងស្ថិតនៅក្រោមព្រះរាជាណាចក្រអេហ្ស៊ីបនៅចុងបញ្ចប់នៃសង្គ្រាមអារ៉ាប់–អ៊ីស្រាអែលឆ្នាំ១៩៤៨។ ក្នុងអំឡុងពេលនោះ ប្រទេសអេហ្ស៊ីបបានបង្កើតអាណាព្យាបាលភាពនៅហ្កាហ្សាដែលគេតែងហៅថា ប៉ាឡេស្ទីនរួម ហើយទីនេះក៏បានក្លាយជាជម្រករស់នៅសម្រាប់ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីទឹកដីប៉ាឡេស្ទីនធំក្នុងអំឡុងសង្គ្រាមប៉ាឡេស្ទីនឆ្នាំ១៩៤៨។[៩][១០] ក្រោយមកនៅកំឡុងសង្គ្រាមប្រាំមួយថ្ងៃ រដ្ឋអ៊ីស្រាអែលក៏បានវាយចូលកាន់កាប់ដែនជ្រោយហ្កាហ្សា រួចក៏ចាប់ផ្តើមបង្កើតរបបយោធាដែលមានអត្ថិភាពជាច្រើនទសវត្សរ៍នៅលើទឹកដីប៉ាឡេស្ទីនមួយនេះ។[៩][១០] កិច្ចព្រមព្រៀងទីក្រុងអូស្លូនាពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ បានស្ថាបនាអាជ្ញាធរជាតិប៉ាឡេស្ទីនឡើងដើម្បីបម្រើជារដ្ឋាភិបាលគ្រប់គ្រងហ្កាហ្សាដោយមានគណបក្សហ្វាតាជាបក្សកាន់អំណាច ប៉ុន្តែមកដល់ឆ្នាំ២០០៦ គណបក្សហ្វាតាក៏ត្រូវបានផ្តួលរំលំដោយចលនាឥស្លាមស៊ុននីហាម៉ាស់នៅក្នុងការបោះឆ្នោតនៃឆ្នាំនោះ។ នៅឆ្នាំបន្ទាប់ ក្រុមហាម៉ាស់ក៏បានឡើងកាន់កាប់តំបន់ហ្កាហ្សាទាំងស្រុងក្រោយឈ្នះសង្គ្រាមស៊ីវិលជាមួយនឹងហ្វាតា[១១][១២] រួចក្រុមនេះក៏បានចាប់ផ្ដើមធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលជាបន្តបន្ទាប់ចាប់តាំងពីពេលនោះមក។ ច្បាប់រឹតបន្តឹងហាមឃាត់លើការធ្វើដំណើរ និងការនាំចេញចូលទំនិញផ្សេងៗនៅហ្កាហ្សា ត្រូវបានអ៊ីស្រាអែលអនុម័តឡើងដំបូងចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មកម៉្លេះ។[១៣] នៅក្នុងឆ្នាំ២០០៥ ប្រទេសអ៊ីស្រាអែលបានដកកងទ័ពខ្លួនចេញពីហ្កាហ្សាដោយឯកតោភាគី និងព្រមទាំងបានរុះរើទីលំនៅនានារបស់ខ្លួន ហើយបានអនុវត្តគោលនយោបាយបិទតំបន់ហ្កាហ្សាទាំងមូលជាបណ្ដោះអាសន្ន។[១៤] រយៈកាលបិទតំបន់ហ្កាហ្សានៅតែអូសបន្លាយបន្តទៀតពិសេសក្រោយក្រុមហាម៉ាស់ចូលកាន់កាប់តំបន់នេះក្នុងឆ្នាំ២០០៧។[១៥][១៤] ប្រទេសអេហ្ស៊ីបក៏បានចាប់ផ្តើមបិទច្រកផ្លូវនានាចូលហ្កាហ្សាផងដែរនៅឆ្នាំដដែរនោះ។ ទោះបីជាអ៊ីស្រាអែលបានផ្ដាច់ការគ្រប់គ្រងរបស់ខ្លួននៅហ្កាហ្សាពីមុនហើយមែនក្ដី ប៉ុន្តែហ្កាហ្សានៅតែត្រូវបានគេចាត់ទុកថាកំពុងស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីស្រាអែលដដែរនៅក្រោមច្បាប់អន្តរជាតិ[១៦][១៧] ហើយត្រូវបានគេតែងហៅថា "គុកឥតជញ្ជាំង"។[១៨] សកម្មភាពរបស់អ៊ីស្រាអែលនៅហ្កាហ្សាចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមក្នុងឆ្នាំ២០២៣ បានបង្កឱ្យមនុស្សជាច្រើនបាត់បង់អាយុជីវិត ខណៈប្រជាជនជាច្រើននាក់ទៀតបានរត់ចោលទីលំនៅបង្កបង្កើតជាវិបត្តិមនុស្សធម៌ និងគ្រោះទុរ្ភិក្ស។[១៩][២០] សកម្មភាពរបស់អ៊ីស្រាអែលត្រូវបានបណ្ឌិតបញ្ញវន្ត អ្នកជំនាញច្បាប់អន្តរជាតិ និងអង្គការសិទ្ធិមនុស្សនានាចាត់ទុកថាជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។[២១][២២] ដែនជ្រោយហ្កាហ្សាមានបណ្ដោយប្រវែង ៤១ គីឡូម៉ែត្រ និងទទឹងពី ៦ ទៅ ១២ គីឡូម៉ែត្រ ហើយមានក្រឡាផ្ទៃសរុប ៣៦៥ គម២។[២៣] គិតត្រឹមឆ្នាំ២០១០ ចំនួនប្រជាជននៅហ្កាហ្សាភាគច្រើនជនជនជាតិប៉ាឡេស្ទីន និងជនភៀសខ្លួន។ តំបន់នេះមានអត្រាយុវជនខ្ពស់ ដោយ ៤៣.៥% នៃប្រជាជនទាំងអស់ត្រូវជាកុមារអាយុ ១៤ ឆ្នាំចុះក្រោម និង ៥០% ស្ថិតក្រោមអាយុ ១៨ ឆ្នាំ។[២៤] ឥស្លាមសាសនានិកាយស៊ុននីគឺជាសាសនារបស់រដ្ឋ ហើយត្រូវបានគោរពប្រតិបត្តិដោយប្រជាជនស្ទើរតែទាំងអស់ ខណៈប្រជាជនភាគតិចប្រកាន់គ្រិស្តសាសនា។ ហ្កាហ្សាមានអត្រាកំណើនប្រជាជនប្រចាំឆ្នាំ ១.៩៩% (ក្នុងឆ្នាំ២០២៣) ដែលជាអត្រាខ្ពស់បំផុតទី៣៩ នៅលើពិភពលោក។[២៣] អត្រាអត់ការងារធ្វើនៅហ្កាហ្សាគឺស្ថិតក្នុងចំណោមលេខរៀងខ្ពស់បំផុតនៅលើពិភពលោក បើប្រៀបធៀបទៅនឹងបណ្ដារដ្ឋប្រជាជាតិដទៃ ជាមួយនឹងអត្រាគ្មានការងារធ្វើសរុប ៤៦% និងអត្រាយុវជនអត់ការងារធ្វើ ៧០%។[១៥][២៥] ផ្ទុយមកវិញ អត្រាអក្ខរកម្មនៅហ្កាហ្សាគឺមានរហូតដល់ទៅ ៩៧% ដែលជាអត្រាខ្ពស់ជាងប្រទេសអេហ្ស៊ីបនៅក្បែរនោះទៀតផង ខណៈអត្រាអក្ខរកម្មយុវជនមាន ៨៨%។[២៦]
ប្រវត្តិសាស្ត្រសូមមើលផងដែរ: ប្រវត្តិសាស្ត្រទីក្រុងហ្កាហ្សា
ហ្កាហ្សាត្រូវជាផ្នែកមួយនៃតំបន់ប៉ាឡេស្ទីនតាំងពីបុរាណកាលមកម៉្លេះ រួចមកដល់សតវត្សរ៍ទី១៦ តំបន់នេះក៏បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ចក្រភពអូតូម៉ង់ ហើយនៅក្នុងឆ្នាំ១៩០៦ អូតូម៉ង់ និងចក្រភពអង់គ្លេសក៏បានព្រមព្រៀងគ្នាកំណត់ព្រំដែនអន្តរជាតិសម្រាប់តំបន់នេះជាមួយនឹងអេហ្ស៊ីប។[២៧] ក្រោយពីមហាអំណាចកណ្តាលបានចាញ់សង្គ្រាមលោកលើកទី១ បូករួមជាមួយការកាត់បែងចែកទឹកដីនៃចក្រភពអូតូម៉ង់ អង់គ្លេសក៏បានលើកដែនជ្រោយហ្កាហ្សាទៅឱ្យប្រទេសអេហ្ស៊ីបគ្រប់គ្រង ប៉ុន្តែត្រូវអេហ្ស៊ីបបដិសេធមិនទទួលខុសត្រូវ។[២៨] ដោយហេតុនេះ អង់គ្លេសក៏បានរក្សាគ្រប់គ្រងទឹកដីហ្កាហ្សាដោយខ្លួនឯងនៅក្នុងឆ្នាំ១៩១៧–១៨ មុនពេលបន្តលើកវាដាក់នៅក្រោមក្របខ័ណ្ឌអន្តរជាតិ ដែលគេតែងស្គាល់ថា "ម៉ាន់ដាតប៉ាឡេស្ទីន" ពីឆ្នាំ១៩២០ ដល់ឆ្នាំ១៩៤៨។ ១៩៤៨–១៩៥៩៖ រដ្ឋាភិបាលប៉ាឡេស្ទីនរួមក្នុងកំឡុងសង្រ្គាមប៉ាឡេស្ទីនឆ្នាំ១៩៤៨ និងជាពិសេស សង្រ្គាមអារ៉ាប់–អ៊ីស្រាអែលឆ្នាំ១៩៤៨ ជនភៀសខ្លួនប៉ាឡេស្ទីនរាប់ម៉ឺននាក់បានភៀសខ្លួន ឬត្រូវបានបណ្តេញមកតំបន់ដែនជ្រោយហ្កាហ្សា។[២៩] នៅដំណាច់សង្រ្គាមនោះ ចំនួនប្រជាជនអារ៉ាប់ប៉ាឡេស្ទីនប្រមាណ ២៥% បានកំពុងស្ថិតនៅក្នុងតំបន់ហ្កាហ្សា ខណៈទឹកដីនេះមានទំហំត្រឹមតែ ១% ប៉ុណ្ណោះនៃទឹកដីប៉ាឡេស្ទីនសរុប។[៣០] នៅឆ្នាំដដែរនោះ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅដើមបូព៌ា (UNRWA) ត្រូវបានបង្កើតឡើងដើម្បីដឹកនាំកម្មវិធីផ្សេងៗជួយជនភៀសខ្លួនប៉ាឡេស្ទីន។[៣១] នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៤៨ (ជាពេលជិតចប់សង្រ្គាមអារ៉ាប់–អ៊ីស្រាអែល) នៅឯទីក្រុងហ្កាហ្សាដែលកំពុងស្ថិតក្រោមអេហ្ស៊ីប សម្ព័ន្ធអារ៉ាប់បានប្រកាសបង្កើតរដ្ឋាភិបាលប៉ាឡេស្ទីនរួមឡើងក្នុងគោលបំណងកាត់បន្ថយឥទ្ធិពលរបស់ប្រទេសត្រង់ហ្សកដានីលើទឹកដីប៉ាឡេស្ទីន។ អាណាព្យាបាលភាពប៉ាឡេស្ទីនរួមដែលទើបបានបង្កើតថ្មីនោះត្រូវបានទទួលស្គាល់ភ្លាមៗដោយរដ្ឋសមាជិកចំនួនប្រាំមួយលើប្រាំបីរដ្ឋសមាជិកនៃសម្ព័ន្ធអារ៉ាប់នាពេលនោះ (លើកលែងតែត្រង់ហ្សកដានី)៖ អេហ្ស៊ីប ស៊ីរី លីបង់ អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត និងយេម៉ែន។[៣២][៣៣] បន្ទាប់ពីសង្គ្រាមឆ្នាំ១៩៤៨ បានបញ្ចប់ កិច្ចព្រមព្រៀងឈប់បាញ់អ៊ីស្រាអែល–អេហ្ស៊ីបត្រូវបានចុះនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៤៩ ដែលក្នុងនោះ គេបានសម្រេចបង្កើតខ្សែបន្ទាត់បំបែកកងកម្លាំងអេហ្ស៊ីបនិងអ៊ីស្រាអែល ក៏ដូចជាខ្សែព្រំដែនបច្ចុប្បន្នរវាងហ្កាហ្សានិងអ៊ីស្រាអែល ដោយភាគីហត្ថលេខីទាំងពីរបានព្រមព្រៀងមិនកំណត់វាជាខ្សែព្រំដែនអន្តរជាតិឡើយ។ ចំពោះព្រំដែនភាគខាងត្បូងរវាងហ្កាហ្សានិងអេហ្ស៊ីបវិញគឺមិនមានការផ្លាស់ប្តូរអ្វីទេ។[២៧] ជនជាតិប៉ាឡេស្ទីនទាំងប៉ុន្មានដែលរស់នៅក្នុងតំបន់ហ្កាហ្សា ឬអេហ្ស៊ីប ត្រូវបានទទួលលិខិតឆ្លងដែនប៉ាឡេស្ទីនថ្មីទាំងអស់ ខណៈអេហ្ស៊ីបមិនបានផ្តល់សញ្ជាតិដល់ពួកគេនោះទេ។ ចាប់ពីចុងឆ្នាំ១៩៤៩ ប្រជាជនទាំងនោះច្រើនរស់តាមរយៈជំនួយពីអង្គការសហប្រជាជាតិ។ នៅកំឡុងវិបត្តិស៊ុយអេ (១៩៥៦) តំបន់ហ្កាហ្សា និងឧបទ្វីបស៊ីណៃរបស់អេហ្ស៊ីបត្រូវបានអ៊ីស្រាអែលវាយចូលកាន់កាប់អស់មួយរយៈ មុនពេលត្រូវដកខ្លួនចេញវិញក្រោយរងសម្ពាធពីសហគមន៍អន្តរជាតិ។ ចាប់តាំងពីពេលនោះ រដ្ឋាភិបាលប៉ាឡេស្ទីនរួមក៏ត្រូវបានគេចោទប្រកាន់ថាជាអាជ្ញាធរអាយ៉ងរបស់អេហ្ស៊ីប ខណៈជំនួយមូលនិធិឯករាជ្យផ្សេងៗដូចជាមិនសូវបានអេហ្ស៊ីបទទួលរ៉ាប់រង ហើយតែងធ្វេសប្រហែសច្រើន។ ក្រោយបន្តិចមក រដ្ឋាភិបាលប៉ាឡេស្ទីនរួមនោះក៏បានផ្លាស់ប្ដូរទីស្នាក់ការទៅទីក្រុងគែរ ហើយទីបំផុតត្រូវបានរំលាយនៅក្នុងឆ្នាំ១៩៥៩ តាមរយៈក្រឹត្យប្រកាសរបស់ប្រធានាធិបតីអេហ្ស៊ីប លោកហ្កាម៉ាល អាប់ឌែរ ណាស៊ែរ។ ១៩៥៦–១៩៥៧៖ ការត្រួតត្រាដោយអ៊ីស្រាអែល![]() ក្នុងកំឡុងវិបត្តិស៊ុយអេឆ្នាំ១៩៥៦ (សង្រ្គាមអារ៉ាប់–អ៊ីស្រាអែលលើកទីពីរ) ប្រទេសអ៊ីស្រាអែលបានវាយលុកចូលឈ្លានពានហ្កាហ្សា និងព្រមទាំងឧបទ្វីបស៊ីណៃ។ នៅថ្ងៃទី៣ ខែវិច្ឆិកា កងកម្លាំងការពារអ៊ីស្រាអែល បានវាយប្រហារលើកងកម្លាំងអេហ្ស៊ីប និងប៉ាឡេស្ទីននៅទីក្រុងខាន់យូនីសក្នុងដែនជ្រោយហ្កាហ្សា។[៣៤] កងកម្លាំងដែលឈរជើងនៅខាន់យូនីសបានខិតខំប្រឹងការពារទប់ទល់នឹងអ៊ីស្រាអែលយ៉ាងពេញទំហឹង ដែលជាហេតុធ្វើឱ្យអ៊ីស្រាអែលបើកយុទ្ធនាការទម្លាក់គ្រាប់បែកសន្ធោសន្ធៅមកលើទីក្រុងនោះ បង្កឱ្យស្លាប់ជនស៊ីវិលអស់ជាច្រើននាក់។[៣៥] បន្ទាប់ពីការប្រយុទ្ធតតាំងគ្នាយ៉ាងស្វិតស្វាញ ទីបំផុតអ៊ីស្រាអែលក៏បានវាយទម្លុះផ្ដាច់ខ្សែកម្លាំងការពារដ៏ស្អិតរមួតរបស់ប៉ាឡេស្ទីននៅខាងក្រៅទីក្រុងខាន់យូនីសតាមរយៈកងពលពាសដែកតូចទី៣៧ របស់ខ្លួន។[៣៦] បន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមដងផ្លូវអស់មួយរយៈជាមួយទាហានអេហ្ស៊ីប និងកម្លាំងហ្វេដាយ៉ីប៉ាឡេស្ទីន ជាចុងក្រោយ ទីក្រុងខាន់យូនីសក៏ត្រូវបានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃកងទ័ពអ៊ីស្រាអែល។[៣៦] ក្រោយពេលកាន់កាប់ទីក្រុងខាន់យូនីសបានដោយជោគជ័យ កងកម្លាំងអ៊ីស្រាអែលត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តអំពើសម្លាប់រង្គាលទៅលើប្រជាជនក្នុងក្រុងនោះ។[៣៧] ក្នុងនោះ កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមប្រហារជីវិតជនជាតិប៉ាឡេស្ទីនដែលគ្មានអាវុធជាប់ខ្លួន ហើយភាគច្រើនជាជនស៊ីវិល ដោយក្នុងករណីមួយ បុរសៗប៉ាឡេស្ទីនមួយក្រុមត្រូវបានទាហានអ៊ីស្រាអែលបញ្ជាឱ្យតម្រង់ជួរបែរមុខទៅនឹងជញ្ជាំងនៅកណ្តាលទីក្រុង មុនពេលត្រូវទាហានអ៊ីស្រាអែលប្រើកាំភ្លើងយន្តបាញ់ប្រល័យជីវិតពួកគេទាំងអស់នោះនៅនឹងកន្លែង។[៣៨] អំណះអំណាងជុំវិញការសម្លាប់រង្គាលនេះត្រូវបានរាយការណ៍ទៅមហាសន្និបាតអង្គការសហប្រជាជាតិដំបូងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៦ ដោយនាយក UNRWA គឺលោកអង់រី ឡាប៊ូអ៊ីស ដោយផ្អែកទៅលើ "ប្រភពដ៏ជឿទុកចិត្ត" ដែលថាមនុស្សចំនួន ២៧៥ នាក់ត្រូវបានទាហានអ៊ីស្រាអែលសម្លាប់នៅក្នុងករណីសម្លាប់រង្គាលនោះដោយក្នុងនោះផងដែរមាន ១៤០ នាក់ជាជនភៀសខ្លួន និងអ្នកស្រុកចំនួន ១៣៥ នាក។[៣៩][៤០] នៅថ្ងៃទី១២ ខែវិច្ឆិកា ប៉ុន្មានថ្ងៃបន្ទាប់ពីអរិភាពបានបញ្ចប់ អ៊ីស្រាអែលបានបន្តសម្លាប់មនុស្សចំនួន ១១១ នាក់បន្ថែមទៀតនៅក្នុងជំរុំជនភៀសខ្លួននៃទីក្រុងរ៉ាហ្វាកំឡុងបំពេញប្រតិបត្តិការយោធារបស់ខ្លួន ដែលជាហេតុនាំឱ្យសហគមន៍អន្តរជាតិចេញមុខរិះគុនអ៊ីស្រាអែលយ៉ាងអស់ដៃ។[៤១][៣៧] អ៊ីស្រាអែលបានបញ្ចប់ការកាន់កាប់របស់ខ្លួននៅហ្កាហ្សាក្នុងខែមីនា ឆ្នាំ១៩៥៧ បន្ទាប់ពីបានរងសម្ពាធអន្តរជាតិធ្ងន់ធ្ងរ។ ក្នុងអំឡុងពេលអ៊ីស្រាអែលកាន់កាប់អស់រយៈពេលបួនខែ មានមនុស្សប្រមាណ ៩០០–១,២៣១ នាក់បានបាត់បង់ជីវិត។[៤២] យោងទៅតាមប្រវត្តិវិទូបារាំង លោកហ្សង់ព្យែរ ហ្វីលីយូបានបង្ហាញថា ប្រជាជននៃតំបន់ហ្កាហ្សា ១% ត្រូវបានស្លាប់ របួស ជាប់ឃុំឃាំង ឬត្រូវរងទារុណកម្មក្រោមការកាន់កាប់របស់អ៊ីស្រាអែល។[៤២] ១៩៥៩–១៩៦៧៖ ក្រោមអេហ្ស៊ីប![]() បន្ទាប់ពីរដ្ឋាភិបាលប៉ាឡេស្ទីនរួមត្រូវបានរំលាយក្នុងឆ្នាំ១៩៥៩ ប្រទេសអេហ្ស៊ីបក្រោមលេសលើកតម្កើងអារ៉ាប់រួមនិយម ក៏បានបន្តកាន់កាប់ហ្កាហ្សារហូតដល់ឆ្នាំ១៩៦៧។ ថ្វីបើខ្លួនកាន់កាប់ហ្កាហ្សាមែនក្ដី ប៉ុន្តែអេហ្ស៊ីបមិនបានកាត់បញ្ចូលហ្កាហ្សាជាទឹកដីផ្លូវការរបស់ខ្លួនឡើយដោយផ្ទុយទៅវិញបានចាត់ទុកហ្កាហ្សាថាជាទឹកដីគ្រប់គ្រងក្រៅដែនតាមរយៈរដ្ឋបាលយោធារបស់ខ្លួន។[៤៣] ក្រោមរដ្ឋបាលអេហ្ស៊ីប ហ្កាហ្សាត្រូវប្រឈមនឹងលំហូរនៃជនភៀសខ្លួនជាង ២០០,០០០ នាក់ពីអតីតទឹកដីម៉ាន់ដាតប៉ាឡេស្ទីន និងប្រមាណមួយភាគបួននៃជនភៀសខ្លួនទាំងនោះបានរត់ចោល ឬត្រូវបណ្តេញចេញពីផ្ទះរបស់ពួកគេក្នុងកំឡុងនិងក្រោយបញ្ចប់សង្រ្គាមអារ៉ាប់–អ៊ីស្រាអែលឆ្នាំ១៩៤៨។[៤៤] តក្តាលំហូរជនភៀសខ្លួននេះបានធ្វើឱ្យកម្រិតជីវភាពរស់នៅក្នុងដែនជ្រោយហ្កាហ្សាធ្លាក់ចុះជាគំហុក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលអេហ្ស៊ីបបានដាក់កំហិតរឹតបន្តឹងដំណើរចេញចូល និងទៅមកពីហ្កាហ្សា ដែលធ្វើឱ្យប្រជាជននោហ្កាហ្សាបាត់បង់ឱកាសទៅបម្រើការងារល្អៗក្រៅស្រុកពេញលេញ។[៤៥] ១៩៦៧៖ ការត្រួតត្រាជាថ្មីដោយអ៊ីស្រាអែលនៅខែមិថុនា ឆ្នាំ១៩៦៧ កំឡុងសង្គ្រាមប្រាំមួយថ្ងៃ កងកម្លាំងអ៊ីស្រាអែលបានចូលកាន់កាប់តំបន់ហ្កាហ្សាម្តងទៀត។ ក្រោមការដឹកនាំរបស់មេបញ្ជាការភាគខាងត្បូងរបស់អ៊ីស្រាអែល លោកអារីយែល ស្ហារុន ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ដែលត្រូវបានអ៊ីស្រាអែលសង្ស័យថាជាសមាជិកនៃចលនាតស៊ូ ត្រូវបានចាប់យកទៅប្រហារជីវិតដោយគ្មានការកាត់ទោសរកកំហុសត្រឹមត្រូវ។[៤៦] នៅរវាងឆ្នាំ១៩៦៧ និងឆ្នាំ១៩៦៨ អ៊ីស្រាអែលបានបណ្តេញប្រជាជនហ្កាហ្សាប្រមាណ ៧៥,០០០ នាក់ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលនុះគឺលោកស្រីហ្គោលដា មិអៀបានចាត់ទុកប្រជាជនទាំងនោះថាជាខ្មាំងបង្កប់ប្រឆាំងនឹងអ៊ីស្រាអែល។ លើសពីនេះ ប្រជាជនហ្កាហ្សាយ៉ាងតិច ២៥,០០០ នាក់ត្រូវបានអ៊ីស្រាអែលរារាំងមិនឱ្យវិលចូលត្រឡប់មកហ្កាហ្សាវិញបន្ទាប់ពីសង្គ្រាមឆ្នាំ១៩៦៧ បានបញ្ចប់។ ជាលទ្ធផល ដែនជ្រោយហ្កាហ្សាបានបាត់បង់ប្រជាជនខ្លួនប្រមាណ ២៥% បើប្រៀបទៅនឹងចំនួនប្រជាជនសរុបកាលមុនសង្គ្រាមបានចាប់ផ្ដើមនៅពីចន្លោះឆ្នាំ១៩៦៧ និងឆ្នាំ១៩៦៨។[៤៧] នៅឆ្នាំ១៩៧០–១៩៧១ លោកអារីយែល ស្ហារុនបានអនុវត្តយុទ្ធសាស្រ្ត 'ម្រាមដៃប្រាំ' របស់អ៊ីស្រាអែលដោយបង្កើតតំបន់យោធា និងលំនៅដ្ឋានថ្មីៗតាមរយៈការបំបែកហ្កាហ្សាទៅជាប្រាំតំបន់ដើម្បីសម្រួលដល់ដំណើរត្រួតត្រារបស់ខ្លួន។ ផ្ទះរាប់ពាន់ខ្នងត្រូវបានគេឈូសឆាយកម្ទេចចោល ហើយគ្រួសារបេដចាមួយចំនួនធំនៅហ្កាហ្សាត្រូវអាជ្ញាធរអ៊ីស្រាអែលបង្ខំនិរទេសខ្លួនទៅស៊ីណៃ។[៤៨][៤៩][៥០] នៅរវាងឆ្នាំ១៩៧៣ (ក្រោយសង្រ្គាមយមគីបពួរ) និងឆ្នាំ១៩៨៧ គោលនយោបាយផ្លូវការស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ដែនជ្រោយហ្កាហ្សាគឺនៅមានសភាពដូចកាលឆ្នាំ១៩៦៩ ដដែរដោយលំហូរវិនិយោគ និងឱកាសការងារផ្សេងៗត្រូវបានកាត់និងរឹតបន្តឹង។[៥១] ![]() យោងតាមប្រវត្តិវិទូលោកថម សេហ្កេហ្វ ការបម្លាស់ទីជនជាតិប៉ាឡេស្ទីនចេញពីមាតុប្រទេសរបស់ពួកគេគឺជាធាតុគំនិតរបស់ក្រុមនិយមហ្ស៊ីយ៉ងតាំងពីដើមរៀងមកម៉្លេះ។[៥២] នៅខែធ្នូ ឆ្នាំ១៩៦៧ ក្នុងកំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខស្ដីពីជោគវាសនាប្រជាជនអារ៉ាប់នៅហ្កាហ្សា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកឡេវី អេស្កូលបានលើកឡើងពីការរឹតបន្តឹងលើបម្រើបម្រាស់ទឹកស្អាតដើម្បីជំរុញឱ្យប្រជាជនអារ៉ាប់រត់ចេញពីហ្កាហ្សា។[៥៣] មិនយូរប៉ុន្មានក្រោយកិច្ចប្រជុំនោះ វិធានការមួយចំនួនដូចជាការបិទទីផ្សារសេដ្ឋកិច្ចត្រូវបានអ៊ីស្រាអែលចាប់អនុវត្តដើម្បីជាសម្ពាធរុញឱ្យប្រជាជនហ្កាហ្សាធ្វើចំណាកស្រុកចេញទៅរស់នៅកន្លែងផ្សេង។[៥២][៥៤] បន្ទាប់ពីសង្រ្គាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៦៧ បានបញ្ចប់ "ទីភ្នាក់ងារអន្តរជាតិជាច្រើនបានខិតខំរកដំណោះស្រាយជួយប្រជាជនហ្កាហ្សាតែដូចជាមិនសូវទទួលបានផលច្រើន" ហើយដោយមូលហេតុនេះទើបបានជំនួយជនភៀសខ្លួនដើមបូព៌ាអាមេរិកាំងត្រូវបង្កើតឡើងដើម្បីជួយជនរងគ្រោះក្នុងជម្លោះនានាដោយផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងល្បឿនឆាប់រហ័ស។[៥៥] ![]() នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៧៩ ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពអេហ្ស៊ីប–អ៊ីស្រាអែល។[៥៦] សន្ធិសញ្ញានេះបានចែងឱ្យអ៊ីស្រាអែលដកទ័ព និងជនស៊ីវិលរបស់ខ្លួនចេញពីឧបទ្វីបស៊ីណៃ ដែលត្រូវបានអ៊ីស្រាអែលវាយកាន់កាប់កាលកំឡុងសង្គ្រាមប្រាំមួយថ្ងៃ ខណៈភាគីអេហ្ស៊ីបបានយល់ព្រមរក្សាឧបទ្វីបស៊ីណៃជាដែនគ្មានយោធាដូចគ្នា។ ស្ថានការណ៍តំបន់ដែនជ្រោយហ្កាហ្សា ក៏ដូចជាទំនាក់ទំនងផ្សេងៗរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនគឺមិនត្រូវបានចុះនៅក្នុងសន្ធិសញ្ញានេះទេ។ អេហ្ស៊ីបបានបោះបង់ការទាមទារទឹកដីទាំងអស់របស់ខ្លួននៅប៉ែកខាងជើងនៃព្រំដែនអន្តរជាតិ (ពោលគឺខាងជើងនៃឧបទ្វីបស៊ីណៃ) ខណៈដែនជ្រោយហ្កាហ្សានៅតែស្ថិតក្រោមការត្រួតត្រារបស់យោធាអ៊ីស្រាអែល។ ទាំងនេះបានបន្សល់ទុកឱ្យកងយោធាអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវតែមួយគត់ចំពោះការមើលខុសត្រូវ និងផ្ដល់សេវាកម្មស៊ីវិលផ្សេងៗនៅហ្កាហ្សា។ ១៩៨៧៖ អ៊ីនធីហ្វាដាដំបូង![]() អ៊ីនធីហ្វាដាទីមួយគឺជាចលនាបាតុកម្មតវ៉ា និងកុប្បកម្មហិង្សាដែលធ្វើឡើងដោយប្រជាជនប៉ាឡេស្ទីននៅក្នុងទឹកដីប៉ាឡេស្ទីនក្រោមការកាន់កាប់ដោយអ៊ីស្រាអែល និងក្នុងប្រទេសអ៊ីស្រាអែលផ្ទាល់។[៥៧] មហាបាតុកម្មនេះបានផ្ទុះឡើងដោយសារកំហឹងរបស់ប្រជាជនប៉ាឡេស្ទីនដែលបានឆេះអន្លាយតាំងពីអ៊ីស្រាអែលបានចូលកាន់កាប់តំបន់វ៉េសប៊ែង និងដែនជ្រោយហ្កាហ្សាមកម៉្លេះ ហើយណាមួយពេលវេលាបានកំពុងតែឈានជិតដល់គម្រប់ខួបម្ភៃឆ្នាំនៃជ័យជម្នះរបស់អ៊ីស្រាអែលនៅក្នុងសង្រ្គាមអារ៉ាប់–អ៊ីស្រាអែលឆ្នាំ១៩៦៧។[៥៨] ព្រឹត្តិការណ៍បះបោរនេះបានអូសបន្លាយពីខែធ្នូ ឆ្នាំ១៩៨៧ រហូតដល់សន្និសិទទីក្រុងម៉ាឌ្រីដក្នុងឆ្នាំ១៩៩១ ក៏ប៉ុន្តែប្រវត្តិវិទូនិងអ្នកជំនាញខ្លះបានជ្រើសយកឆ្នាំ១៩៩៣ ជាឆ្នាំបិទបញ្ចប់ចលនាបះបោរនេះ ព្រោះវាជាឆ្នាំដែលកិច្ចព្រមព្រៀងទីក្រុងអូស្លូត្រូវបានចុះ។ អ៊ីនធីហ្វាដានេះបានផ្ទុះឡើងដំបូងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៨៧[៥៨] នៅក្នុងជំរុំជនភៀសខ្លួនចាបាលីយ៉ានៅដែនជ្រោយហ្កាហ្សា បន្ទាប់ពីរថយន្តកងទ័ពអ៊ីស្រាអែលបានបុកជាមួយនឹងរថយន្តស៊ីវិល ដោយបានសម្លាប់កម្មករប៉ាឡេស្ទីនចំនួនបួននាក់។[៥៩] មហាជនប៉ាឡេស្ទីនបានចោទប្រកាន់អ៊ីស្រាអែលថាមានចេតនាបង្កគ្រោះថ្នាក់បែបនេះដើម្បីទុកជាការសងសឹកទៅនឹងជនជាតិអ៊ីស្រាអែលម្នាក់ដែលត្រូវបានគេសម្លាប់នៅហ្កាហ្សាកាលពីប៉ុន្មានថ្ងៃមុន។[៦០] អ៊ីស្រាអែលបានចេញមុខបដិសេធនឹងការចោទប្រកាន់បែបនេះឡើងដោយអះអាងថាខ្លួនគ្មានចេតនា ឬគម្រោងសម្លាប់នរណាទេ ពិសេសនៅចំពេលដែលភាពតានតឹងកំពុងតែរុលក្ដៅគគុកផងនោះ។[៦១] ទោះជាយ៉ាងណា ប្រជាជនប៉ាឡេស្ទីនបានចេញមុខឆ្លើយតបដោយការធ្វើបាតុកម្ម បង្កើតចលនាមិនស្តាប់បង្គាប់អាជ្ញាធរ និងបះបោរដោយប្រើប្រាស់ហិង្សា។ល។[៦២][៦៣] មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍បះបោរនេះក៏នាំឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធារបស់អ៊ីស្រាអែលផងដែរដូចជា ការប្រើប្រាស់ថ្នាំពណ៌បាញ់លើជញ្ជាំង ការបិទបង្ខាំងចរាចរណ៍តាមដងផ្លូវ[៦៤][៦៥] និងការគប់ដុំថ្មហើយគ្រាប់បែកដបផ្សេងៗនៅទូទាំងហ្កាហ្សា និងវ៉េសប៊ែង។ ទង្វើទាំងនេះត្រូវបានគេចាត់ទុកថាខុសផ្ទុយពីគោលបំណងដើមរបស់ប្រជាជនស៊ីវិល ពោលគឺការធ្វើកូដកម្មទូទៅ ការធ្វើពហិការឈប់ទទួលសេវាកម្មពីស្ថាប័នរដ្ឋបាលស៊ីវិលអ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សានិងវ៉េសប៊ែង ពហិការសេដ្ឋកិច្ចដោយបដិសេធមិនប្រកបរបរការងារនៅក្នុងដែនអ៊ីស្រាអែល ដូចជាការផលិតទំនិញអ៊ីស្រាអែល ការបដិសេធមិនបង់ពន្ធ និងការបដិសេធក្នុងការប្រើរថយន្តប៉ាឡេស្ទីនដែលជាប់អាជ្ញាប័ណ្ណអ៊ីស្រាអែលជាដើម។[៦២][៦៣][៦៤] ១៩៩៤៖ ហ្កាហ្សាក្រោមអាជ្ញាធរប៉ាឡេស្ទីននៅខែឧសភា ឆ្នាំ១៩៩៤ បន្ទាប់ពីកិច្ចព្រមព្រៀងប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលគេច្រើនស្គាល់ថាកិច្ចព្រមព្រៀងអូស្លូ បានបិទបញ្ចប់ អំណាចរដ្ឋាភិបាលនៅហ្កាហ្សាក៏ត្រូវបានផ្ទេរទៅឱ្យអាជ្ញាធរប៉ាឡេស្ទីនកាន់កាប់។ មិនយូរប៉ុន្មាន តំបន់ហ្កាហ្សាមួយភាគធំក៏បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាឡេស្ទីន លើកលែងតែដែនប្លុកលំនៅ និងតំបន់យោធារបស់អ៊ីស្រាអែល។ កន្លងមកទៀត កងកម្លាំងអ៊ីស្រាអែលក៏បានចាកចេញពីទីក្រុងហ្កាហ្សា និងរួមទាំងតំបន់ទីក្រុងដទៃទៀត ដោយទុកឱ្យអាជ្ញាធរប៉ាឡេស្ទីនថ្មីគ្រប់គ្រង និងទទួលរ៉ាប់រងលើតំបន់ទាំងនោះ។ អាជ្ញាធរប៉ាឡេស្ទីនថ្មីថ្មោងនោះក្រោមការដឹកនាំដោយលោកយ៉ាស៊ារ អារ៉ាហ្វាតបានជ្រើសយកទីក្រុងហ្កាហ្សាជាទីស្នាក់ការកណ្តាលថ្នាក់ខេត្តដំបូងរបស់ខ្លួន។ នៅខែកញ្ញា ឆ្នាំ១៩៩៥ អ៊ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន (PLO) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីពីរ ដោយក្នុងនោះ ភាគីទាំងពីរបានយល់ស្របពង្រីកដែនអំណាចអាជ្ញាធរប៉ាឡេស្ទីនទៅកាន់ទីប្រជុំជនភាគច្រើននៅតំបន់វ៉េសប៊ែង។ នៅរវាងឆ្នាំ១៩៩៤ និងឆ្នាំ១៩៩៦ អ៊ីស្រាអែលបានកសាងជញ្ជាំងហ្កាហ្សា–អ៊ីស្រាអែលឡើង ដើម្បីបង្កើនសុវត្ថិភាពសន្តិសុខនៅក្នុងប្រទេសអ៊ីស្រាអែល។ ជញ្ជាំងនេះត្រូវបានប្រជាជនប៉ាឡេស្ទីនផ្ដួលរំលំនៅដើមដំបូងនៃអ៊ីនធីហ្វាដាលើកទីពីរកំឡុងខែកញ្ញា ឆ្នាំ២០០០។[៦៦] ២០០០៖ អ៊ីនធីហ្វាដាលើកទីពីរ![]() អ៊ីនធីហ្វាដាទីពីរគឺជាការបះបោរប៉ាឡេស្ទីនដ៏ធំមួយនៅលើទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ដោយអ៊ីស្រាអែល និងនៅក្នុងប្រទេសអ៊ីស្រាអែលផ្ទាល់ដូចកាលអ៊ីនធីហ្វាដាទីមួយដំបូងដែរ។ មូលហេតុទូទៅនៃចលនាអ៊ីនធីហ្វាដាលើកនេះត្រូវបានគេសង្ស័យថាបណ្ដាលមកពីបរាជ័យនៃកិច្ចប្រជុំកំពូលខែមដេវីដឆ្នាំ២០០០ ដែលត្រូវបានគេរំពឹងថានឹងអាចបោះជំហានឈានដល់កិច្ចព្រមព្រៀងចុងក្រោយជុំវិញដំណើរសន្តិភាពប៉ាឡេស្ទីន និងអ៊ីស្រាអែលក្នុងខែកក្កដា ឆ្នាំ២០០០។[៦៧] ព្រឹត្តិការណ៍បះបោរនេះបានចាប់ផ្តើមដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០០០ បន្ទាប់ពីលោកអារីយែល ស្ហារុនដែលកាលនោះត្រូវជាមេដឹកនាំបក្សប្រឆាំងនៅអ៊ីស្រាអែល បានធ្វើទស្សនកិច្ចទៅកាន់បរិវេណអគារអាល់អាក់សាស្ថិតនៅលើកំពូលភ្នំប្រាសាទក្នុងទីក្រុងយេរូសាឡឹម។[៦៧] ដំណើរទស្សនកិច្ចនេះផ្ទាល់គឺមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្តែមានគេសង្ស័យថាអាចបង្កប់បំណងញុះញង់ប្រជាជនប៉ាឡេស្ទីន ហើយដូចនឹងការសង្ស័យពិតមែន បាតុកម្មតវ៉ានិងកុប្បកម្មក៏បានផ្ទុះឡើងជាប្រតិកម្មនឹងទស្សនកិច្ចនោះ ខណៈកម្លាំងនគរបាលអ៊ីស្រាអែលបានព្យាយាមទប់ស្កាត់ដោយការបាញ់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកជាដើម។[៦៨] អ៊ីនធីហ្វាដាទីពីរនេះគឺជាចំណុចចាប់ផ្តើមដំបូងនៃការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងការទម្លាក់គ្រាប់បែកនៅតាមតំបន់ព្រំដែនអ៊ីស្រាអែល ដោយចលនាប្រដាប់អាវុធប៉ាឡេស្ទីននៅដែនជ្រោយហ្កាហ្សា ជាពិសេសដោយក្រុមហាម៉ាស់ និងចលនាជីហាដឥស្លាមប៉ាឡេស្ទីន។ ចំនួនអ្នកស្លាប់ និងរបួសជាច្រើនបានកើតឡើងចំពោះជនស៊ីវិល ក៏ដូចជាទាហានក្នុងកំឡុងមហាបាតុកម្មនេះ។ កងកម្លាំងអ៊ីស្រាអែលបានប្រឡូកចូលប្រឆាំងនឹងបាតុកម្មដោយប្រើប្រាស់កាំភ្លើង សម្លាប់មនុស្សតាមគោលដៅកំណត់ និងវាយប្រហារដោយប្រើរថក្រោះនិងពីលើដែនអាកាស ខណៈដែលខាងភាគីប៉ាឡេស្ទីនវិញបានតបតប្រឆាំងនឹងអ៊ីស្រាអែលតាមរយៈអត្តឃាតកម្មបំផ្ទុះគ្រាប់បែក បាញ់កាំភ្លើងតបត គប់ដុំថ្មតូចធំ និងការវាយប្រហារដោយបាញ់គ្រាប់រ៉ុក្កែតជាដើម។[៦៩][៧០] សកម្មភាពបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ប៉ាឡេស្ទីន ពិសេសសម្ដៅទៅលើជនស៊ីវិលអ៊ីស្រាអែល បានទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីសហគមន៍អន្តរជាតិក៏ដូចជាសំណាក់ប្រជាជនក្នុងស្រុកនិងតំបន់ ហើយជាចំណុចខុសគ្នាបើប្រៀបទៅព្រឹត្តិការណ៍អ៊ីនធីហ្វាដាពីមុន ដែលមានបរិមាណហឹង្សាតិចជាងឆ្ងាយ។[៧១][៧២] ដោយរាប់ទាំងតួលេខអ្នកស្លាប់ និងរបួសបញ្ចូលគ្នា ព្រឹត្តិការណ៍សម្លាប់បង្ហូរឈាមគ្នានេះបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនប្រមាណ ៣,០០០ នាក់បានស្លាប់បាត់បង់ជីវិត ខណៈខាងអ៊ីស្រាអែលបានប៉ះពាល់ដល់ជីវិតមនុស្ស ១,០០០ នាក់ និងព្រមទាំងជនបរទេសចំនួន ៦៤ នាក់។[៧៣] ពីចន្លោះខែធ្នូ ឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ២០០១ ជញ្ជាំងបំបែកហ្កាហ្សាពីអ៊ីស្រាអែលត្រូវបានស្ដារសាងសង់ឡើងវិញ។ ជញ្ជាំងមួយទៀតនៅឯខាងព្រំដែនហ្កាហ្សា-អេហ្ស៊ីបបានចាប់ផ្ដើមតម្លើងកសាងឡើងនៅក្នុងឆ្នាំ២០០៤។[៧៤] ចំណុចឆ្លងចេញចូលចម្បងនៅភាគខាងជើងជាប់នឹងអ៊ីស្រាអែលគឺច្រកឆ្លងដែនអេរ៉េស ខណៈចំណុចឆ្លងនៅប៉ែកខាងត្បូងចូលអេហ្ស៊ីបគឺស្ថិតនៅច្រកឆ្លងដែនរ៉ាហ្វា។ ហ្កាហ្សាក៏មានច្រកឆ្លងទៅភាគខាងកើតដែរហៅថាច្រកឆ្លងដែនការនី ប៉ុន្តែវាត្រូវបានបិទប្រតិបត្តិការនៅក្នុងឆ្នាំ២០១១។[៧៥] ព្រំដែនភាគខាងជើងហ្កាហ្សាគឺស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ក៏ដូចជាព្រំដែនទឹក និងអាកាសដូចគ្នា។ ចំពោះព្រំដែនភាគខាងត្បូងវិញគឺមានអេហ្ស៊ីបជាអ្នកគ្រប់គ្រងដូចដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងអេហ្ស៊ីប និងអ៊ីស្រាអែល។[៧៦] លើសពីនេះទៀតនោះ ទាំងអ៊ីស្រាអែលនិងអេហ្ស៊ីបគឺមិនអនុញ្ញាតឱ្យមានដំណើរចេញចូលដោយសេរីពីតំបន់ហ្កាហ្សាឡើយ ខណៈព្រំដែនទាំងពីរទិសមានទាហានយោធាឈរជើងឃ្លាំមើលយ៉ាងតឹងរឹង។ មកទល់បច្ចុប្បន្ន អេហ្ស៊ីបនៅតែរក្សាបិទច្រកផ្លូចេញចូលតំបន់ហ្កាហ្សារបស់ខ្លួន ដោយសារតែក្ដីបារម្ភខ្លាចក្រុមហាម៉ាស់ខាងហ្កាហ្សាចូលមកបង្កើតចលនាបះបោរជីហាដឥស្លាមនៅក្នុងទឹកដីស៊ីណៃ។[៧៧] ២០០៥៖ ការដកខ្លួនដោយឯកតោភាគីរបស់អ៊ីស្រាអែល![]() នៅក្នុងឆ្នាំ២០០៥ អ៊ីស្រាអែលបានដកខ្លួនចេញពីដែនជ្រោយហ្កាហ្សា ដោយថែមទាំងបានរុះរើទីតាំងលំនៅដ្ឋានតូចៗរបស់ខ្លួនចេញទៀតផង។[៧៨] អ៊ីស្រាអែលក៏បានដកខ្លួនចេញពីផ្លូវហ្វីឡាឌែលហ្វីផងដែរ ដែលត្រូវជាដីវែងអន្លាយមួយខ្សែនៅជាប់ព្រំដែនជាមួយអេហ្ស៊ីប បន្ទាប់ពីអេហ្ស៊ីបបានយល់ព្រមធានាសន្តិសុខនៅខាងព្រំដែនរបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងស្តីពីដំណើរចេញចូល ដែលគេតែងច្រើនស្គាល់ថា កិច្ចព្រមព្រៀងទីក្រុងរ៉ាហ្វា។[៧៩] ក្រោយពីអ៊ីស្រាអែលបានដកកម្លាំងយោធា និងប្រជាជនខ្លួនចេញអស់ តំបន់ដែនជ្រោយហ្កាហ្សាទាំងមូលក៏ត្រូវបានគ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីនជាផ្លូវការ។[៨០] ២០០៦–២០០៧៖ ការឡើងកាន់អំណាចរបស់ហាម៉ាស់ និងជម្លោះស៊ីវិលនៅក្នុងការបោះឆ្នោតសភាប៉ាឡេស្ទីនដែលបានប្រព្រឹត្តិធ្វើឡើងក្នុងថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៦ ក្រុមហាម៉ាស់បានដណ្ដើមសំឡេងឆ្នោតបានច្រើនជាងគេ (៤២.៩%) និងបានឈ្នះអាសនៈចំនួន ៧៤ លើអាសនៈសរុប ១៣២ នៅក្នុងសភា (៥៦%)។[៨១][៨២] នៅពេលដែលក្រុមហាម៉ាស់ឡើងកាន់អំណាចនៅខែបន្ទាប់ ប្រទេសអ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប រុស្ស៊ី និងអង្គការសហប្រជាជាតិបានទាមទារឱ្យក្រុមហាម៉ាស់ទទួលស្គាល់នូវកិច្ចព្រមព្រៀងដែលបានធ្វើឡើងពីមុនទាំងអស់ ព្រមទាំងទទួលស្គាល់សិទ្ធិអត្ថិភាពអ៊ីស្រាអែល និងបោះបង់ចោលនូវចលនាបែបហិង្សារបស់ខ្លួន។ នៅពេលដែលហាម៉ាស់បានបដិសេធសំណើទាមទារអស់ទាំងនោះ[៨៣] សហគមន៍អន្តរជាតិក៏បានសម្រេចកាត់ផ្តាច់ជំនួយរបស់ពួកគេផ្ទាល់ទៅកាន់អាជ្ញាធរប៉ាឡេស្ទីន ខណៈជំនួយខ្លះវិញត្រូវបានរុញបញ្ជូនទៅអង្គការមនុស្សធម៌ដែលមិនមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនៅហ្កាហ្សាចាត់ចែងជំនួស។[៨៤] វិបត្តិនយោបាយ និងបញ្ហាជាប់គាំងសេដ្ឋកិច្ចនៅក្រោយការបោះឆ្នោតបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជាច្រើននាក់សម្រេចចិត្តធ្វើចំណាកស្រុកចេញពីតំបន់ហ្កាហ្សា។[៨៥] បន្ទាប់ពីទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនីតិប្បញ្ញត្តិប៉ាឡេស្ទីននៃឆ្នាំ២០០៦ ក្រុមហាម៉ាស់ និងហ្វាតាក៏បានព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលរួបរួមជាតិប៉ាឡេស្ទីនមួយដោយមានលោកអ៊ីស្មែល ហានីយ៉េជាមេដឹកនាំ។ មួយរយៈខ្លីបន្ទាប់ ក្រុមហាម៉ាស់ក៏បានផ្ទុះអាវុធជាមួយនឹងក្រុមហ្វាតា ហើយក្នុងខែមិថុនា ឆ្នាំ២០០៧ ក៏បានវាយកាន់កាប់តំបន់ហ្កាហ្សាទាំងស្រុង[៨៦] ក៏ដូចជាស្ថាប័នរដ្ឋាភិបាលផ្សេងៗនៅហ្កាហ្សាផងដែរ។ ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ះមូដ អាបាស់បានឆ្លើយតបវិញដោយប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន រំលាយរដ្ឋាភិបាលរួបរួមជាតិនោះចោល និងបង្កើតរដ្ឋាភិបាលថ្មីដោយមិនរាប់បញ្ចូលមន្ត្រីហាម៉ាស់ជាសមាជិក។[៨៧] សមាជិកក្រុមហាម៉ាស់មួយចំនួនដែលមានវត្តមាននៅតំបន់វ៉េសប៊ែងកាលនោះត្រូវបានកងកម្លាំងសន្តិសុខបង្ការប៉ាឡេស្ទីនបានចាប់ឃាត់ខ្លួនទាំងអស់។ នៅចុងខែមិថុនា ឆ្នាំ២០០៨ ប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និងហ្សកដានីបានប្រកាសទទួលស្គាល់គណៈរដ្ឋមន្ត្រីប៉ាឡេស្ទីនថ្មីដែលមានមូលដ្ឋាននៅវ៉េសប៊ែងក្រោមការដឹកនាំរបស់លោកអាបាស់ ហើយត្រូវជា "រដ្ឋាភិបាលប៉ាឡេស្ទីនស្របច្បាប់តែមួយគត់"។ អេហ្ស៊ីបក៏បានផ្លាស់ប្តូរស្ថានទូតប៉ាឡេស្ទីនរបស់ខ្លួនពីហ្កាហ្សាទៅវ៉េសប៊ែងដែរ។[៨៨] អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីបបានគាំទ្រដល់ដំណើរផ្សះផ្សា និងការបង្កើតរដ្ឋាភិបាលរួបរួមថ្មីមួយទៀតរវាងហ្វាតានិងហាម៉ាស់ ហើយបានជំរុញឱ្យលោកអាបាស់ចាប់ផ្តើមកិច្ចចរចាសន្ទនាជាមួយក្រុមហាម៉ាស់។ អ្វីដែលធ្វើឱ្យពិបាកទៅរួចនោះគឺលក្ខខណ្ឌដែលលោកអាបាស់បានដាក់នៅចំពោះមុខហាម៉ាស់ ពោលគឺត្រូវប្រគល់ហ្កាហ្សាមកឱ្យអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រង។ ចំពោះអ៊ីស្រាអែល និងអេហ្ស៊ីបវិញ អាជ្ញាធរទាំងពីរប្រទេសបានប្រកាសបិទច្រកព្រំដែនជាមួយនឹងហ្កាហ្សាជាប្រតិកម្មនៃការឡើងកាន់អំណាចរបស់ហាម៉ាស់។ ប្រភពពីប៉ាឡេស្ទីនបានរាយការណ៍ថា មន្ត្រីអ្នកឃ្លាំមើលមកពីសហភាពអឺរ៉ុបបាននាំគ្នារត់ភៀសខ្លួនចេញអស់ពីហ្កាហ្សាតាមរយៈច្រកព្រំដែនរ៉ាហ្វានៅតាមបណ្ដោយព្រំដែនហ្កាហ្សា-អេហ្ស៊ីប ដោយសារតែពួកគេខ្លាចត្រូវហាម៉ាស់ចាប់ឃុំឃាំង ឬប្រព្រឹត្តិអំពើអ្វីមួយដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់ពួកគេ។[៨៩] បន្ទាប់ពីកិច្ចផ្សះផ្សាបានបរាជ័យ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអារ៉ាប់ ក៏ដូចជាមន្ត្រីប៉ាឡេស្ទីនបានរួមគ្នាប្រកាសប្រឆាំងនឹងការគ្រប់គ្រងព្រំដែនហ្កាហ្សាដោយហាម៉ាស់។[៩០] ទន្ទឹមនឹងនេះ របាយការណ៍សន្តិសុខអ៊ីស្រាអែល និងអេហ្ស៊ីបបានបង្ហាញឱ្យឃើញថា ក្រុមហាម៉ាស់បានបន្តរត់ពន្ធគ្រឿងផ្ទុះ និងអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ពីទឹកដីអេហ្ស៊ីបតាមប្រព័ន្ធរូងក្រោមដីសម្ងាត់។ នៅក្នុងឆ្នាំ២០០៧ កងកម្លាំងសន្តិសុខអេហ្ស៊ីបបានបញ្ជាក់ថាខ្លួនបានរកឃើញផ្លូវក្រោមដីរបស់ហាម៉ាស់ចំនួន ៦០ រូង។[៩១] ២០០៨–២០០៩៖ សង្គ្រាមហ្កាហ្សា![]() នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៨[៩២] យន្តហោះចម្បាំង F-១៦ របស់អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើគោលដៅមួយចំនួនក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ត្រូវបែកបាក់។[៩៣] មកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០០៩ ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមបើកការឈ្លានពានចូលដែនជ្រោយហ្កាហ្សា។[៩៤] ក្រៅពីអគាររដ្ឋាភិបាលហាម៉ាស់ អ៊ីស្រាអែលបានធ្វើការវាយសម្ដៅទៅលើទីកន្លែងមួយចំនួនផ្សេងទៀតដែលខ្លួនអះអាងថាជាឃ្លាំងស្តុកទុកអាវុធរបស់ហាម៉ាស់ ដូចជា ស្ថានីយ៍នគរបាល សាលារៀន មន្ទីរពេទ្យ ឃ្លាំងរបស់អង្គការសហប្រជាជាតិ ព្រះវិហារឥស្លាម និងអគារផ្សេងៗជាច្រើនទៀត។[៩៥] ភាគីខាងអ៊ីស្រាអែលបានថ្លែងថា ការវាយប្រហាររបស់ខ្លួននេះគឺជាប្រតិកម្មចំពោះសកម្មភាពវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់មកលើតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដែលសរុបមានចំនួនជាង ៣,០០០ គ្រាប់ក្នុងឆ្នាំ២០០៨ ហើយប៉ុន្មានសប្តាហ៍មុនប្រតិបត្តិការនេះ ហាម៉ាស់បានបន្តបង្កើនគ្រាប់បាញ់ប្រហារបន្ថែមទៀតដោយមិនញញើត។ ប្រភពយោធាអ៊ីស្រាអែលបានបង្ហាញថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកអេហ៊ូដ បារ៉ាក់បានបញ្ជាកងកម្លាំងអ៊ីស្រាអែលឱ្យរៀបចំត្រៀមខ្លួនសម្រាប់ប្រតិបត្តិការនេះនៅប្រមាណប្រាំមួយខែមុនពេលចាប់ផ្ដើមមកម៉្លេះ ដោយកំឡុងពេល ៦ ខែនោះ អ៊ីស្រាអែលបានរៀបចំផែនការលម្អិតលម្អន់ម៉ត់ចត់ និងប្រមូលផ្តុំព័ត៌មានបានពីការស៊ើបការណ៍សម្ងាត់ផ្សេងៗ។[៩៦] ជនជាតិប៉ាឡេស្ទីនសរុបប្រមាណ ១,១០០–១,៤០០ នាក់[៩៧] (ក្នុងនោះមានជនស៊ីវិលពី ២៩៥–៩២៦ នាក់) និងជនជាតិអ៊ីស្រាអែលចំនួន ១៣ នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងសង្រ្គាមរយៈពេល ២២ ថ្ងៃនេះ។[៩៨] ជម្លោះនេះបានបង្កឱ្យមានការខូតខាត ឬបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជនអស់រាប់ម៉ឺនខ្នង[៩៩][១០០] ក៏ដូចជាមន្ទីរពេទ្យចំនួន ១៥ កន្លែងក្នុងចំណោមមន្ទីរពេទ្យសរុប ២៧ នៅហ្កាហ្សា និងព្រមទាំងមណ្ឌលថែទាំសុខភាពបឋមចំនួន ៤៣ កន្លែងក្នុងចំណោមមណ្ឌលថែទាំងសុខភាពសរុប ១១០ ទីតាំង[១០១] រីឯអណ្តូងទឹកចំនួន ៨០០ ត្រូវរងការខូចខាត ឬបំផ្លិចបំផ្លាញទាំងស្រុង[១០២] ចំណែកឯផ្ទះកញ្ចក់ចំនួន ១៨៦[១០៣] និងរួមទាំងកសិដ្ឋានគ្រួសារជិត ១០,០០០ កន្លែងបានទទួលរងផលប៉ះពាល់ខ្ទិចខ្ទាំពីសង្គ្រាមនេះ។[១០៤] មិនតែប៉ុណ្ណោះ សង្គ្រាមហ្កាហ្សាក្នុងឆ្នាំ២០០៩ បានបន្សល់ទុកឱ្យប្រជាជនប៉ាឡេស្ទីនប្រមាណ ៥០,០០០ នាក់គ្មានផ្ទះសម្បែងរស់នៅ,[១០៥] ៤០០,០០០–៥០០,០០០ នាក់គ្មានទឹកប្រើប្រាស់[១០៥][១០៦] ហើយមួយលាននាក់គ្មានអគ្គិសនីប្រើប្រាស់[១០៦] និងបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។[១០៧] ២០១៤៖ សង្គ្រាមហ្កាហ្សានៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ អ៊ីស្រាអែលបានផ្ដើមប្រតិបត្តិការយោធាវាយប្រហារចូលក្នុងដែនជ្រោយហ្កាហ្សាជាថ្មី។ ដើមហេតុចម្បងនៃជម្លោះលើកនេះគឺកើតចេញពីករណីចាប់ជំរិតនិងសម្លាប់យុវជនអ៊ីស្រាអែលចំនួនបីនាក់នៅក្នុងទឹកដីវ៉េសប៊ែងដោយសមាជិកសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលជាប់ទំនាក់ទំនងនឹងហាម៉ាស់។ ជាប្រតិកម្ម កងកម្លាំងការពារអ៊ីស្រាអែលបានផ្តួចផ្តើមប្រតិបត្តិការយោធាមួយភ្លាមៗ ហើយជាលទ្ធផល ពួកគេបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនប្រមាណ ៣៥០ នាក់ដោយពួកគេស្ទើរទាំងអស់ត្រូវជាសមាជិកសកម្មប្រយុទ្ធហាម៉ាស់នៅវ៉េសប៊ែង។[១០៨][១០៩][១១០] ទន្ទឹមគ្នានេះដែរ ហាម៉ាស់នៅតែបន្តបាញ់រ៉ុក្កែតជាច្រើនគ្រាប់ចូលទៅក្នុងទឹកដីប្រទេសអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដែលនាំឱ្យផ្ទុះជម្លោះរយៈពេលប្រាំពីរសប្តាហ៍នេះឡើង។ សង្គ្រាមមួយនេះផងដែរត្រូវបានគេចាត់ទុកថាជាជម្លោះដ៏សាហាវបំផុតមួយក្នុងចំណោមជម្លោះបើកចំហរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលបានកើតឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ការវាយប្រហារដោយប្រើគ្រាប់រ៉ុក្កែតដោយប៉ាឡេស្ទីន បូករួមជាមួយការវាយប្រហារតាមដែនអាកាសដោយអ៊ីស្រាអែល បានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ដោយជងរងគ្រោះភាគច្រើនជាជនជាតិប៉ាឡេស្ទីននៅហ្កាហ្សា។[១១១] ២០១៨–២០១៩៖ មហាបរពលនៃការវិលត្រឡប់![]() កំណត់សម្គាល់
ឯកសារយោង
|