ស្បៃធំនៅឆ្នាំ១៩០៧ ប្រទេសខ្មែរ បានទទួលមកវិញតាមរយៈសន្ធិសញ្ញាបារាំង សៀម នូវខេត្តបាត់ដំបង សៀមរាបអង្គរ ដែលបានធ្លាក់ចុះក្រោមការគ្រប់គ្រងរបស់សៀមតាំងពីឆ្នាំ ១៧៩៥។ នៅឆ្នាំ ១៩០៩ ព្រះបាទស៊ីសុវត្ថិស្តេចយាងទៅធ្វើបុណ្យធំនៅប្រាសាទអង្គរវត្ត ក្នុងពេលនោះ ក្រុមរបាំព្រះរាជទ្រព្យខ្មែរក៏បានទៅសម្តែងថ្វាយព្រះអង្គ ទតដែរ។ បើយើងពិនិត្យគ្រឿងស្លៀកពាក់នៃពួកនារីរបាំទាំងនោះ យើងឃើញថា ស្បៃដែលអ្នករបាំខ្មែរ ពាក់នៅពេលនោះ ធំជាងស្បៃនារីរបាំខ្មែរបច្ចុប្បន្ន ។ មានអ្នកខ្លះចោទសួរថា ហេតុអ្វីបានជាខ្មែរលែងប្រើស្បៃធំ ឃើញមានតែពួកស្រីរបាំសៀមប្រើវិញ ។ មុននឹងឆ្លើយសំនួរនេះ សូមលោក លោកស្រី ពិនិត្យស្ថានភាពប្រវត្តិសាស្រ្តខ្មែរ សៀមបន្តិច ពីព្រោះប្រវត្តិសាស្រ្តអាចជួយផ្តល់ការពន្យល់រឿងនេះបានមួយចំណែកដែរ។ បន្ទាប់ពីបានប្រកាសឯករាជក្នុងរវាងឆ្នាំ ១២៣៨ អាណាចក្រសុខោទ័យដែលមានមូលដ្ឋានលើទឹកដីខ្មែរ បានចាប់ផ្តើមវាយលុកចូលក្រុងអង្គរ ។ លោក ជូតាក្វាន់ ជាមន្រ្តីទូតនៃព្រះចៅក្រុងចិនបានមកដល់ប្រទេសខ្មែរ និងស្នាក់នៅក្រុងអង្គរនៅឆ្នាំ ១២៩៦ – ១២៩៧ បានសរសេរនៅក្នុងកំណត់ហេតុរបស់លោកថាមុនពេលលោកបានមកប្រទេសខ្មែរ សៀមបានវាយចូលអង្គរនិងបានយកទ្រព្យសម្បត្តិយ៉ាងច្រើនទៅប្រទេសគេ។ តមក ពេលរាជធានីសៀមបានដូរពីសុខោទ័យមក អយុធ្យា សៀមបានលើកទ័ពមកវាយអង្គរជាញឹកញាប់រហូតដល់ជាចុងក្រោយ សៀមបានវាយអង្គរបែកនៅឆ្នាំ ១៤២១ ។ ព្រះបាទពញាយ៉ាត បានសម្រេចព្រះទ័យដូររាជធានីចាកចោលពីក្រុងអង្គរមកកាន់ក្រុងចតុមុខ។ តមក ក្នុងសម័យលង្វែក សៀមបានលើកទ័ពមកវាយយកលង្វែករហូតដល់ក្រុងលង្វែកបែកបាក់។
ក្នុងរយៈប្រវត្តិកាលដ៏យូរលង់នេះ ប្រាកដណាស់ថាសៀមបានយកវប្បធម៌ពីខ្មែរទៅ ហើយបានផ្សាយឥទ្ធិពលមកខ្មែរវិញពេលដែល បានចុះខ្សោយក្នុងពេលខាងក្រោយមក។ មានភស្តុតាង ល្មមអាចយល់បានពីសម្មតិកម្មនេះ។ ឧទាហរណ៍ របាំបុរាណថៃ មានលក្ខណៈស្រដៀងរបាំខ្មែរ ភ្លេងពិណពាទ្យ បទសាធុការ សៀមអានថា សាធុកាន; បទខ្មែរបំពេរកូន សៀមហៅថា ខ្មេនក្លមលូក; ចងក្បិន សៀមហៅថា ចងក្រៈប៊ិន ។ ជាធម្មតា ជាតិមួយដែលយកវប្បធម៌ពីជាតិមួយទៀតទៅ គេបានយកទៅកែច្នៃថែមថយឲ្យខុសពីវប្បធម៌របស់ម្ចាស់ដើមខ្លះ និង ដើម្បីឲ្យសមស្របទៅតាមស្ថានភាពរបស់គេផង ។យ៉ាងណាមិញ ពេលសៀមយកវប្បធម៌ពីខ្មែរទៅ គេក៏បានកែច្នៃតាមនោះដែរ។ នៅពេលខ្មែរចុះខ្សោយ ខ្មែរបានទៅរៀនសូត្រពីសៀមវិញ នូវអ្វីដែលសៀមបានយកពីខ្មែរទៅ ហើយខ្មែរក៏ហៅឈ្មោះតាមរបៀបសៀមទៅ ។ ខ្ញុំបានស្គាល់ចាស់ៗមួយចំនួននៅខេត្តបាត់ដំបង គាត់បានហៅភ្លេងពិណពាទ្យថា ភ្លេងពីផាត ឬ ភ្លេងសៀម ជាការហៅតាមរបៀបសៀមផង ( ពីផាត) និង ហៅដោយការច្រឡំផង ( ភ្លេងសៀម) ។ទោះបីជាប្រជាជនខ្មែរ បានយល់លែងហៅ ភ្លេងពិណពាទ្យថា ភ្លេងសៀម ក៏ដោយ ក៏នៅមានប្រជាជនខ្មែរមួយចំនួនតូចនៅបន្តហៅភ្លេងនេះថាភ្លេងសៀមដដែល។ នៅមានបទភ្លេងពិណពាទ្យជាច្រើនបទ ដែលខ្មែរនៅហៅតាមឈ្មោះសៀមដដែលដូចជាបទ ខែកមនពីរជាន់ (ជ្វាស្រុកមនពីរជាន់) បទ ឆុំដាវ ( មើលផ្កាយ) បទ សាធុកាន (ខ្មែហៅថា បទសាធុការ ) បទផ្យាដឺន ( ខ្មែរហៅបទស្តេចយាង)បទតៅ គិនផាក់ប៊ុង (ខ្មែរហៅថា អណ្តើស៊ីត្រកួន) បទ ណាងថត វ៉ែន ( ខ្មែរហៅថា ក្រមុំរើសចិញ្ចៀន, បទខ្មេនផ្រះបន្ធំ (ខ្មែរហៅថា ខ្មែរព្រះបន្ទំ)។ បទភ្លេងទាំងនេះ ជាបទភ្លេងសៀមយកទៅ គេបានហៅវា តាមសំនៀងគេ ពេលខ្មែរទទួលយកពីគេវិញ ក៏បានតាមសំនៀងគេនោះទៅ។ នៅពេលខ្មែរបានទទួលឯករាជ្យពីបារាំងនៅឆ្មាំ ១៩៥៣ ព្រះមហាក្សត្រយានីព្រះកុសមនារីរត្ន៍សិរីវឌ្ឍនា ដែលជាព្រះមាតាសម្តេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋិ និង ជាព្រះអយ្យិកា ( ជីដូន) យិកានៃព្រះមហាក្សត្រខ្មែរបច្ចុប្បន្នព្រះបាទនរោត្តមសីហមុនី បានយកព្រះទ័យទុកដាក់លើក ស្ទួយរបាំព្រះរាជទ្រព្យខ្មែរ ដោយធ្វើការកែប្រែរបាំព្រះរាជទ្រព្យខ្មែរឲ្យខុសស្រឡះពីរបាំសៀម ក្នុងនោះព្រះអង្គបាន សព្វព្រញទ័យ ផ្លាស់ប្តូរគ្រឿងតុបតែងអ្នកបាំ ប្រភេទម្កុដ សម្រាប់អ្នករបាំជាដើម។ ក្នុងនោះ ប្រហែលជាព្រះអង្គក៏បានផ្លាស់ប្តូរស្បៃរបាំពីធំ មកតូចជាស្បៃរបាំយើងឃើញបច្ចុប្បន្ននេះ។ បើលោក លោកស្រីបានទស្សនាល្ខោន សៀមលេង រឿង រាមកេរ្តិ៍ លោក លោកស្រីគង់ឃើញភាពខុសប្លែកគ្នា លើការតុបតែងខ្លួនរបស់នៃតូអង្គ បើធៀបជាមួយតួអង្គរឿងរាមកេរ្តិ៍ក្នុងសិល្បៈខ្មែរ ជាមិនខាន ទាំងក្បាច់រាំក៏ខុសគ្នាទៀតផង។ មុនពេលសាលាវិចិត្រសិល្បៈត្រូវបានបង្កើតទសវត្សរ៍ ១៩៦០ ( សាលានេះ ពីមុននៅជិតទូតបារាំង តែក្រោយមក គេបានដូរទីតាំងទៅនៅឯបឹងបាយាបជាយក្រុងភ្នំពេញ) អ្នករបាំខ្មែរសម័យនោះ ហ្វឹកករាំរបាំ ក្នុង ព្រះរាជវាំង ហើយព្រះអង្គផ្ទាល់បានយាងទតការហាត់របាំផ្ទាល់ព្រះអង្គជាញឹកញាប់។របាំអប្សរា និង របាំទេពមនោរម្យ ជាស្នា ព្រះហស្ថព្រះអង្គមានភាពល្បីរន្ទឺពេញពិភពលោក សូម្បីតែប្រទេសសៀមខ្លួនឯង ក៏សរសើរថា របាំទាំងពីរនេះស្អាត និងមានលក្ខណៈខុសពីសៀមដាច់ស្រឡះដែរ។ ខ្ញុំគិតថា ការដែលអ្នករបាំខ្មែរ លែងប្រើស្បៃធំមិនមែនដោយខ្មែរមិនស្រឡាញ់វប្បធម៌ទេ តែដោយហេតុផលចង់ឲ្យរបាំខ្មែរខុសពីរបាំសៀមតែប៉ុណ្ណោះ។ សន្មតថា អ្នករបាំខ្មែរ ស្លៀកពាក់ដូចអ្នករបាំសៀមទាំងស្រុង តើយើងអាចបង្ហាញភាពខុសប្លែកគ្នារវាងរបាំនៃប្រទេសទាំងពីរបានដោយរបៀបណា? |