រឿងកូនស្រីអ្នកនេសាទ
សម្រួលតន្រ្តីដោយ៖ លោក ម៊ែ ប៊ុន ច្រៀងដោយ៖ រាជនីព្រលឹងស្ទឹងខៀវ រស់ សេរីសុទ្ធា ការយល់ខុស៖ បទនេះត្រូវបានគេយល់ចំណងជើងខុសថា «ឱ!ភូមិបាក់ព្រា» ដោយយកតាមក្បាលនៃទំនុកច្រៀង។ ប្រវត្តិបទចម្រៀង៖ ភូមិបាក់ព្រា គឺជាភូមិមួយនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខែត្របាត់ដំបង ។ ជាភូមិចុងកាត់មាត់ញក ស្ថិតនៅលើផ្លូវទឹកទៅកាន់ពាមទន្លេសាប ប្រកបដោយទេសភាពស្រងេះស្រងោចខ្លោចផ្សារពន់ប្រមាណ ។ កាលពីសម័យសង្គមរាស្ត្រនិយម មានទូកដរខ្លះបានដឹកអ្នកដំណើរតាំងពីភូមិព្រែកហ្លួង រហូតទៅដល់ភូមិបាក់ព្រានេះទៀតផង ដល់ក្រោយមកទើបមានទូកបំពាក់ម៉ាស៊ីន ឬកាណូតចុះឡើងរហូតដល់ព្រែកទាល់ទន្លេសាប ។ កាលនៅរៀនពីក្មេង លោក គង្គ ប៊ុនឈឿន បានទៅលេងភ្លេងក្នុងពិធីបុណ្យផ្កានៅភូមិ បាក់ព្រា ហើយលោកបានជាប់ចិត្តនឹងបុប្ផាមួយទងដែលជាកូនស្រីអ្នកនេសាទនៅតំបន់នោះទើបលោកចាប់ផ្ដើមកត់ត្រាទុកក្នុងបេះដូងនូវបទចម្រៀងមួយ ដើម្បីឧទ្ទិសដល់បេះដូងស្រគត់ស្រគំនៃក្រមុំស្រុកទន្លេ ដែលរស់នៅឃ្លាតឆ្ងាយពីអរិយធម៌នៃអ្នកដីគោក ។ កាលណោះ Melodie របស់បទ “កូនស្រីអ្នកនេសាទ” លោកគង្គ ប៊ុនឈឿន គ្រាន់តែបានកត់ត្រាទុកក្នុងសៀវភៅកំណត់ហេតុរបស់លោកប៉ុណ្ណោះ ។ លុះមកដល់ឆ្នាំ១៩៧៤ ទើបលោក រៀបចំតាក់តែងទំនុកច្រៀងឡើងវិញ ហើយបានថតផ្សាយនៅពេលនោះ ។ បទនេះ បានធ្វើឲ្យភ្ញាក់ ផ្អើលដល់បងប្អូនប្រជាជនដែលរស់នៅតាមតំបន់នោះជាខ្លាំង មិនតែប៉ុណ្ណោះ វាក៏ក្លាយទៅជានិមិត្តរូប នៃខ្សែជីវិតពិតៗរបស់កុលាបដងស្ទឹងបាក់ព្រា ដែលលោកបានពណ៌នានៅក្នុងរឿងប្រលោមលោកមួយទៀតឈ្មោះកូនស្រីអ្នកនេសាទ ។ អ្នកស្រី រស់ សេរីសុទ្ធា ដែលអ្នកផងតែងតែប្រសិទ្ធនាមថា “ព្រលឹងស្ទឹងខៀវ”បាននិយាយ ប្រាប់លោក គង្គ ប៊ុនឈឿន នៅពេលថតបទនេះចប់ថា អ្នកស្រីច្រៀងបទនេះដោយចិត្តរំភើបញាប់ញ័រ ពន់ពេកណាស់ ដោយសារអតីតកាលរបស់អ្នកស្រីធ្លាប់រស់នៅតំបន់នោះ និងធ្លាប់មានបេះដូងប្រេះឆា ដូចជាបុប្ផាបាក់ព្រានោះដែរ ។ នេះជាបទមួយ ដែលលោកគង្គ ប៊ុនឈឿន បានពណ៌នាប្លែកពីគ្នា គឺបរិយាយពីស្នេហា ព្រាត់ប្រាស់នៅលើភូមិស្ថានមួយដែលមើលទៅឃើញលំហទឹកល្ហាចល្ហឹម… ប្រៀបបីដូចជាទន្លេទឹក ភ្នែករបស់នារី ដែលមានបេះដូងបរិសុទ្ធចំពោះសង្សារ តែគ្មានអ្នកណាមើលឃើញនូវសេចក្ដី ស្មោះត្រង់របស់នាង…។
|