ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី១សៀវភៅវិបស្សនាបញ្ហាធម្មបរិយាយ Archived 2013-09-18 at the វេយប៊ែខ ម៉ាស៊ីន. ពន្លឺនាវាត្រៃលោក និងនាវាត្រៃលក្ខណ៍នមត្ថុរតនត្តយស្ស សូមនមស្សការចំពោះព្រះរតនត្រៃដោយសេចក្តីគោរព ។
សេចក្តីថា មនុស្សខ្វាក់អំពីកំណើត (ត្រាច់ចរលើផែនដី) បើឥតគេដឹកដៃនាំមុខទេ ជួន ដើរទៅត្រង់ផ្លូវក៏មាន ជួនដើរទៅខុសផ្លូវក៏មាន យ៉ាងណាមិញ បុគ្គលពាលល្ងង់ខ្លៅ ដែលប្រកបដោយអវិជ្ជាបិទបាំង
មិនឲ្យដឹងច្បាស់នូវកងទុក្ខ ព្រោះការអន្ទោលទៅមកក្នុងវដ្ត: កាលត្រាច់រង្គាត់ទៅ ក្នុងវាលវដ្តសង្សារ បើមិនមានអ្នកប្រាជ្ញដឹកនាំមុខទេ រមែងប្រារព្ធធ្វើនូវបុញ្ញាភិសង្ខារ គឺចំណែកជាបុណ្យខ្លះក៏មាន
ប្រារព្ធធ្វើនូវអបុញ្ញាភិសង្ខារ គឺចំណែកជាបាបខ្លះក៏មាន ប្រារព្ធធ្វើនូវអនេញ្ជាភិសង្ខារ គឺជាចំណែកឈានដែលមាន ចិត្តវិបល្លាសដោយទិដ្និ មានសស្សតទិដ្និជាដើមក៏មាន យ៉ាងនោះដែរ ។
លុះណាតែបុគ្គលពាលនោះ យល់ច្បាស់លាស់ បានត្រាស់ដឹងនូវអរិយសច្ច:៤ប្រការ ពេលណា និងជាបុគ្គលប្រព្រឹត្តធម្មបតិបត្តិ ឆ្ពោះទៅរកសន្តិសុខ ស្ងប់ស្ងាត់ក្នុងពេលនោះ ព្រោះ បានស្ងប់អវិជ្ជា ។
តែថាបើបុគ្គលពាលនោះ មិនបានត្រាស់ដឹងនូវអរិយសច្ច: ដោយច្បាស់លាស់ទេ ទុកណាជាបុគ្គលនោះ ប្រារព្ធធ្វើនូវបុញ្ញាភិសង្ខារ គឺការតាក់តែងបុណ្យណាមួយ ដោយកាយ វាចា ចិត្ត បុណ្យនោះឯង
រមែងច្រឡំទៅដោយ ទោសទុក្ខជាច្រើនប្រការ មានជាតិនិងជរាជាដើម ព្រោះហេតុអ្វី? ព្រោះតែប្រាថ្នានូវសម្បត្តិ ក្នុងលោកទាំង៣ គឺមនុស្សលោក ទេវលោក ព្រហ្ម លោក ដោយសំគាល់ថា
សម្បត្តិទាំងនេះឯង ជាសម្បត្តិប្រសើរ ប្រកបដោយសេចក្តីសុខ យ៉ាងទៀងទាត់ ។ ប៉ុន្តែព្រះសព្វញ្ញូពុទ្ធ ពុំដែលទ្រង់សំដែងសរសើរ ចំពោះកំណើតនៃសត្វ ដែលអន្ទោលទៅកើតជាមនុស្សក្តី ជាទេវតាក្តី
ជាព្រហ្មក្តី ថាជាកំណើត ប្រកបដោយគុណ ផុតចាក សេចក្តីទុក្ខទាំងពួងនោះឡើយ ។ ព្រោះព្រះអង្គទ្រង់ជ្រាបច្បាស់ថា បើជាតិកំណើតរបស់សត្វ ទាំងឡាយមាននៅដរាបណា សេចក្តីទុក្ខទាំងឡាយ
មានជាតិទុក្ខជាដើម ក៏មាននៅ ដរាបនោះដែរ ។ ព្រោះហេតុនោះ បានជាព្រះអង្គ ទ្រង់ត្រាស់សរសើរចំពោះតែ ព្រះនិព្វានមួយ ថាជាធម្មជាតិអាចធ្វើសត្វទាំងឡាយ ឲ្យរលត់ផុតចាកទុក្ខគ្រប់ប្រការ ។
ចំណែកបុគ្គលដែលប្រកបដោយវិជ្ជា រមែងមានការយល់ឃើញថា ការកើតជាមនុស្សក្តី កើតជាទេវតាក្តី កើតជាព្រហ្មក្តី ដោយអំណាចកាមាវចរកុសល ឬរូបាវចរកុសលណាមួយ
ក៏គង់មិនរួចចាកទុក្ខទាំងពួងបានឡើយ ទាំងមានការយល់ឃើញថា បើជាតិកំណើតមិនទាន់អស់ទេ ទុក្ខក៏នៅមិនទាន់អស់ដែរ ព្រោះកំណើតរបស់សត្វទាំងឡាយ ដែលកើតក្នុងភពថោកទាប
និងភពដ៏ឧត្តមនោះ ៗ ដោយអំណាចកុសលាកុសលកម្ម សុទ្ធតែជាកំណើត នៅមានការប្រែប្រួលមិនទៀងទាត់ កាលបើអស់អំណាច នៃកុសលាកុសលកម្មនោះហើយ សត្វទាំងឡាយនោះឯង
ត្រូវតែវិលត្រឡប់ចុះឡើងនៅក្នុងវដ្ត: ដោយអំណាចនៃផលបុណ្យ និងផលបាបដឹកនាំដូច្នេះ តើទីបំផុតនៃទុក្ខ របស់សត្វនៅត្រឹមណា? បុគ្គលដែលប្រកបដោយវិជ្ជា កាលបើយល់ឃើញ យ៉ាងនេះហើយ
រមែងមានសេចក្តី នឿយណាយធុញទ្រាន់ ចំពោះកំណើតដែលកើតរឿយៗ ក្នុងវដ្ត:នេះ តែងត្រេះរិះរកឧបាយ ដើម្បីនឹងដោះខ្លួន គេចចេញ ឲ្យរួចផុតចាកភពទាំង៣ ដោយការខំប្រឹងប្រែង
បំពេញកុសលផ្សេង ៗ ចំពោះតែខាងវិវដ្តគាមិនីកុសល គឺកុសលដែលធ្វើដំណើរ ត្រង់ឆ្ពោះទៅកាន់ព្រះនិព្វាន ជាទីប្រាសចាកវដ្ត: ។ បុគ្គលនោះ កាលបើធ្វើនូវកុសលណាមួយ ដោយកាយ វាចា ចិត្ត
មានការឲ្យទានជាដើម រមែងតាំងចិត្តដើម្បីធ្វើពួកកិលេសទាំងឡាយ មានលោភ:ជាដើម ឲ្យរីងស្ងួតអស់ពីខន្ធសន្តាន សំដៅទៅព្រះនិព្វាន តែម៉្យាងប៉ុណ្ណោះ ។ កុសលរបស់បុគ្គលនោះហៅថា
វិវដ្តគាមិនីកុសល គឺកុសលរបស់បុគ្គល អ្នកដល់ត្រើយ នៃច្រាំង គឺព្រះនិព្វាន រួចផុតស្រឡះចាកការវិលកើតវិលស្លាប់ ។
|