Share to: share facebook share twitter share wa share telegram print page

ប្រាសាទ

ប្រាសាទ(បាលី/សំស្រ្តឹត)គឺជាគ្រឹហាទីនាំចិត្តនាំចិត្តឱ្យជ្រះថ្លា ឬជាទីស្រឡះភ្នែកគឺជាផ្ទះមានថ្នាក់ខ្ពស់ស្រឡះ។ ខ្មែរយើងហៅតាមទម្លាប់ហៅជំពោះរាជដំណាក់ឬគ្រឹហាដែលមានកំពូល សូម្បីសង់មួយជាន់ក៏ហៅប្រាសាទដែរ តែវិហារសាសនា ឬសាលា ទោះបីមានកំពូលក៏ពុំហៅប្រាសាទឡើយ[]។ ប្រាសាទនីមួយៗ តែងតែមានឈ្មោះបុរាណតាមសិលាចារឹកដោយតាមឈ្មោះព្រះសិវលិង្គ បដិមាករទីកន្លែងដូចជា ត្រីភុវនមហេស្វរៈ(អ្នកគ្រប់គ្រងឋានទាំងបី)គឺជាឈ្មោះប្រាសាទបន្ទាយស្រី តាមសិលាចារឹកK-៨៤២ ក្នុងសតវត្សរ៍ទី១០។

ការគ្រប់គ្រងប្រាសាទ និងអាស្រម

ប្រាសាទនានា ក៏ដូចជាវត្តអារាម ឬអាស្រមសុទ្ធសឹងតែជាបូជនីយដ្ឋាន។ គេបានដឹងពីរបៀបនៃការគ្រប់គ្រងតាមរយៈអត្តបទសិលាចារឹក។ នៅបូជនីយដ្ឋាននីមួយៗ ដែលជាទេវស្ថានតែងតែមានខ្ញុំបម្រើព្រះអាទិទេពយ៉ាងកោះករ។ ចំនួននៃពួកខ្ញុំបម្រើត្រូវបានកត់ត្រាក្នុងបញ្ជីពោលគឺគេមានសំបុត្រស្នាមត្រូវតែបញ្ជាក់ពីវត្តមាន និងតួនាទីរបស់ពួកគេជាខ្ញុំព្រះ។ ទិដ្ឋភាពមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍នៅក្បែរប្រាសាទមួយចំនួនដូចជាប្រាសាទព្រះខ័នជាដើមមានការសាងសង់អាស្រមព្រមទាំងវត្តអារាមផងដែរ។ ម្យ៉ាងទៀត ការគោរពបូជានូវព្រះសិវលិង្គ និងព្រះពុទ្ធអង្គ ដែលការបូជានេះមានលក្ខណៈប្រចាំថ្ងៃក្នុងបូជនីយដ្ឋាននោះ។ ប្រភពសិលាចារឹកបានឱ្យដឹងទៀតថា ចំពោះប្រាង្គប្រាសាទដែលសាងឡើងនាសម័យនោះសម្រាប់ជាទីសក្ការបូជា។ ដើម្បីការពារបូជនីយដ្ឋានទាំងនោះឱ្យរួចផុតពីការបំផ្លិចបំផ្លាញ ព្រះរាជាខ្មែររមែងតែដាក់ទោសយ៉ាងធ្ងន់ធ្ងរតាមរយៈប្រទិស្ថា ដែលជាបទបញ្ជា ឬបម្រាមចំពោះជនណា ដែលបំពានការហាមឃាត់ដូចជាសម្លាប់អ្នកបួស គ្រូបាធ្យាយ ឬគ្រូអាចារ្យជាដើម ដើម្បីប្លន់យកទ្រព្យសម្បត្តិ ឬក៏ជនណាដែលបំផ្លិចបំផ្លាញព្រះទេវរូប ឬព្រះពុទ្ធរូប។ល។ ដែលគេបានតម្កល់ទុកនៅក្នុងបូជនីយដ្ឋានទាំងនោះ សម្រាប់ការគោរពបូជាពីសំណាក់សានិកជន។ អ្នកដែលប្រព្រឹត្តល្មើសច្បាប់ទាំងនោះមិនត្រឹមតែមានទោសចំពោះព្រះមហាក្សត្រតែប៉ុណ្ណោះទេ ប៉ុន្តែបន្ទាប់ពីធ្វើកាលកិរិយាទៅអ្នកនោះក៏ត្រូវធ្លាក់នរកផងដែរ[]

មុខងារប្រាសាទ

ប្រជាជនខ្លះមិនបានយល់ដឹងច្បាស់អំពីមុខងារប្រាសាទបុរាណ ដែលបុព្វបុរសខ្មែរបានខិតខំកសាងទុកមកទេ។ ពួកគេបានយល់ច្រឡំថាប្រាសាទបុរាណជាព្រះបរមរាជវាំង ឬទីលំនៅរបស់ព្រះមហាក្សត្រគង់នៅ។ តាមពិតសំណង់ប្រាសាទបុរាណខ្មែរទាំងអស់កសាងឡើង ដើម្បីឧទ្ទិសថ្វាយដូចជា[]

  1. ព្រះអាទិទេព ឬព្រះទេវៈផ្សេងៗក្នុងព្រាហ្មណ៍សាសនាដូចជា ព្រះសិវៈ ឬព្រះឥសូរ ព្រះវិស្ណុ ឬព្រះនរាណ៍ និងព្រះព្រហ្មជាដើម
  2. ព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយានដូចជា លោកេស្វរៈ
  3. ទេវរាជ(គេដាក់តម្កល់លិង្គព្រះឥសូរក្នុងប្រាសាទជាតំណាងព្រះរាជា
  4. បុព្វបុរស ព្រះរាជាដូចជា ព្រះមាតា ព្រះបិតា និងវរជនស្នេហាជាតិ។

ឯកសារយោង

  1. ការផ្សព្វផ្សាយពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ វចនានុក្រមខ្មែរ
  2. សាស្រ្តាចារ្យបណ្ឌិត មីសែល ត្រាណេ ប្រវត្តិសាស្រ្តនៃព្រះរាជាណាក្រកម្ពុជា ការគ្រប់គ្រងរដ្ឋនាសម័យអង្គរពីសតវត្សរ៍៩ ដល់១៤ ទំព័រទី៩៤
  3. សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី២៣៧
Kembali kehalaman sebelumnya