Share to: share facebook share twitter share wa share telegram print page

កាំង ហ្កិច អ៊ាវ

កាំង ហ្កិច អ៊ាវ
កើត១៧ វិច្ឆិកា ១៩៤២
ភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រទេសកម្ពុជា
ស្លាប់២ កញ្ញា ២០២០
(អាយុ ៧៨ ឆ្នាំ)
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សញ្ជាតិខ្មែរ
ឈ្មោះផ្សេងទៀតសមមិត្តឌុច
ហង្ស ពិន
ត្រូវបានគេស្គាល់ថាលេខាគណៈកម្មាធិការមន្ទីរ ស-២១
គណបក្ស​នយោបាយ
បក្សកុម្មុយនិស្តកម្ពុជា
បន្ទុកឧក្រិដ្ឋកម្ម
ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ពិន័យព្រហ្មទណ្ឌ
ជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំ តែត្រូវតំឡើងទៅអស់មួយជីវិតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២
ពន្ធភាពឈឹម សុផល (?–១៩៩៥)
មាតាបិតាឪពុក៖ កាំង គី
ម្តាយ៖ កាំង គីមស៊ីវ

កាំង ហ្កិច អ៊ាវ ឬអាចសរសេរថា កាំង ហ្កេចអ៊ាវ (ហៅ មិត្តឌុច) គឺជាលេខាគណៈកម្មាធិការមន្ទីរ ស-២១ នៅ​ក្នុង​របបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយខ្មែរក្រហម ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។ លោកត្រូវ​គេ​ចោទ​ប្រកាន់​លើ​ករណី​បួន គឺ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ បទ​ធ្វើ​មនុស្ស​ឃាត និង​ការ​ធ្វើ​ទុក្ខ​ទារុណកម្ម​ទៅ​លើ​អ្នក​ទោស។

លោកកាំង ហ្កេច អ៊ាវគឺជាអ្នកដែលទទួលខុសត្រូវមកលើការសម្លាប់មនុស្សរាប់ពាន់នាក់។ ខុសពីកម្មាភិបាលខ្មែរក្រហមផ្សេងទៀត ឌុចបានសារភាព ប្រគល់ខ្លួនឱ្យអាជ្ញាធរកម្ពុជានៅក្នុងឆ្នាំ១៩៩៩។ ក្នុងរយៈកាលចាប់ខ្លួនរបស់ឌុច លោកបាននិយាយរៀបរាប់ប្រាប់តុលាការកម្ពុជាអំពីរឿងដ៏លម្អិតៗនៅក្នុងគុក ស-២១ និងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យជារួម។ សេចក្តីរបាយការណ៍របស់ឌុចទាំងនោះគឺជាពន្លឺដែលបំភ្លឺឱ្យជនជាតិខ្មែរនិងបរទេសដឹងអំពីភាពឃោរឃៅនៅក្នុងរបបខ្មែរក្រហម។[][]

ដើមជីវិតនិងការសិក្សាពីកុមារភាព

កុមារា កាំង​ហ្កេកអ៊ាវ បាន​ចាប់​ផ្តើម​ចូលរៀន​ក្នុង​សាលា​ពោធិ៍​អណ្តែត ដែល​ស្ថិត​ក្នុង​វត្ត​ក្បែរ​ភូមិ​ដែល​គាត់​រស់នៅ។ បន្ទាប់​មក​ទៀត កាំង ហ្កិច​អ៊ាវ បាន​ផ្លាស់​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​កំពង់​ចិន​វិញ ដែល​ស្ថិត​នៅ​ក្បែរ​សាលា​ចាស់​នោះ​ដែរ។ កាំង ហ្កិច​អ៊ាវ ជា​មនុស្ស​ដែល​ញៀន​នឹង​ការ​អាន​សៀវភៅ ហើយ​កម្រ​ចេញ​ពី​ផ្ទះ​ណាស់។ តាមរយ: លាម សារុន អតីត​ព្រះសង្ឃ​គង់​នៅ​វត្ត​ឧណ្ណាលោម ហើយ​ក៏​ជា​អតីត​មិត្ត​ជិត​ស្និទ្ធ​របស់ កាំង​ហ្កេកអ៊ាវ ដែល​ទស្សនាវដ្តី​ស្វែង​រក​ការ​ពិត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លេខ​៦ ខែ​មិថុនា ឆ្នាំ​២០០០ បាន​ដក​ស្រង់​នោះ ឱ្យ​ដឹង​ថា កាំង​ហ្កេកអ៊ាវ ជា​សិស្ស​ម្នាក់​ដែល​រៀន​ពូកែ​ខ្លាំង​ណាស់ ៖ «រៀន​នៅ​កំពង់ធំ​ល្បី​វា​រៀន​ពូកែ​ខាង គណិត​វិទ្យា គឺ​លេខ​១ រហូត ប្រឡង​ទូទាំង​ប្រទេស​គឺ​វា​ជាប់​លេខ​១​ទៀត។ ដល់​វា​រៀន​ជាប់​បាក់អង ទៅ​ប្រឡង​ធ្វើ​សាស្ត្រាចារ្យ ជាប់​ទៀត។ ដល់​ពេល​ចេញ​មក​វិញ រៀន​យក​សញ្ញាបត្រ​ជាមួយ​ខ្ញុំ​ខាង​អក្សរសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ភ្នំពេញ​វិញ អត់​យក​គណិត​វិទ្យា​ទេ»។

ជីវិតយុវវ័យនិងការសិក្សា

នៅ​ឆ្នាំ​១៩៦១ ពេល​ដែល​ពេញ​វ័យ ១៩​ឆ្នាំ យុវជន កាំង​ហ្កេកអ៊ាវ បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ ហើយ​រូប​គាត់​ក៏​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​សូរ្យ​វរ្ម័ន​ទី​២ ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប។ ការ​សិក្សា​នៅ​ឯ​ខេត្ត​សៀមរាប យុវជន កាំង ហ្កិច​អ៊ាវ បាន​ប្រឡង​ជាប់​មធ្យម​សិក្សា​បត្រ​ភាគ​ទី​១។ ក្នុង​ឆ្នាំ​១៩៦២ យុវជន កាំង ហ្កិច​អ៊ាវ បាន​មក​បន្ត​ការ​សិក្សា​ថ្នាក់​ទី​បញ្ចប់​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ រហូត​ប្រឡង​ជាប់​មធ្យម​សិក្សា​បត្រ​ភាគ​ទី​២ ផ្នែក​គណិត​សាស្ត្រ​ដោយ​ទទួល​បាន​និទ្ទេស​ល្អ​ទៀត​ផង។

ស្នាក់នៅជាមួយព្រះសង្ឃដើម្បីបន្តការសិក្សា

នៅ​ក្នុង​ទស្សនាវដ្តី​ស្វែងរក​ការ​ពិត​លេខ​ដដែល បាន​ឱ្យ​ដឹង​ថា នៅ​ភ្នំពេញ កាំង ហ្កិច​អ៊ាវ ស្នាក់​នៅ​កុដិ​លេខ​៣ ក្នុង​វត្ត​ឧណ្ណាលោម។ លាម សារុន អតីត​ព្រះសង្ឃ​គង់​នៅ​វត្ត​ឧណ្ណាលោម​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា កាំង​ហ្កេកអ៊ាវ មាន​ឈ្មោះ​ហៅ​ក្រៅ​មួយ​ទៀត​ថា គៀវ។ គៀវ ជា​មនុស្ស​កើត​ក្នុង​ឆ្នាំ​មមី មាន​ចរិត​ស្លូត​បូត និង​មិន​ដែល​តប​ត​ជាមួយ​អ្នក​ណា​ឡើយ។ ក្រៅ​ពី​មាន​បុគ្គលិក​លក្ខណ:​រាបសារ គៀវ ក៏​មិន​និយម​ការ​ផឹក​ស៊ី​លេង​បៀ​ប៉ោ​ឡើយ តែ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ជាប់​ចិត្ត​នឹង​បារី ៖ «បើ​ចរិត​វា គឺ​បើ​វា​ខឹង អត់​ដែល​មាន​ត​នឹង​អ្នក​ណា​ទេ។ គេ​ប្រមាថ​វា គេ​ជេរ​វា​យ៉ាង​ម៉េច​ក៏​វា​អត់​ត ចិត្ត​ធ្ងន់។ រួច​បើ​ដឹង​តែ​គេ​កាទី​កាទើ រក​វ៉ៃ វា​បែរ​ជា​លួង​លោម​ទៅ​វិញ។ គ្មាន​ផឹក គ្មាន​ស៊ី។ បារី បើ​ថា​វា​ជក់ មួយ​ថ្ងៃ​ហ្នឹង គឺ​អុជ​បន្ត​រហូត​អស់​ពីរ​កញ្ចប់​ក៏​មាន បី​កញ្ចប់​ក៏​មាន ហើយ​ល្បែង​អត់​មាន​ទេ នៅ​ម៉ា​កុដិ អា​ណា​លេង​អី ក៏​វា​អត់​លេង​ដែរ»។

ដំណើរជីវិតនិងការសិក្សា

ឆ្នាំ​១៩៦៤ យុវ​សិស្ស កាំង ហ្កិច​អ៊ាវ បាន​ចូល​រៀន​នៅ​វិទ្យាស្ថាន​គរុកោសល្យ​ដើម្បី​យក​វិញ្ញា​បន​បត្រ​ធ្វើ​ជា​សាស្ត្រាចារ្យ។ វិទ្យាស្ថាន​នេះ គ្រប់គ្រង​ដោយ​សាស្ត្រាចារ្យ​គណិត​សាស្ត្រ មក​ពី​ទីក្រុង​ប៉ារីស​ម្នាក់​ឈ្មោះ សុន សេន ដែល​ក្រោយ​មក​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​១៩៦៥ កាំង ហ្កិច​អ៊ាវ បាន​ទទួល​វិញ្ញា​បន​បត្រ​គ្រូ ហើយ​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ទៅ​បង្រៀន​នៅ​អនុវិទ្យាល័យ​ស្គន់ ដែល​ជា​ស្រុក​មួយ​របស់​ខេត្ត​កំពង់ចាម។ នៅ​ក្នុង​ទស្សនាវដ្តី​ស្វែងរក​ការ​ពិត​លេខ​ដដែល បាន​ឱ្យ​ដឹង​ថា ក្នុង​ឋាន:​ជា​អ្នក​បង្រៀន លោកគ្រូ កាំង ហ្កិចអ៊ាវ មាន​សិស្ស​ជា​ច្រើន​គោរព​ស្រឡាញ់​គាត់ ដែល​ខុស​ប្លែក​ពី​សាស្ត្រាចារ្យ​ដទៃ​ទៀត។

សំដីរបស់សិស្ស

គឹម សួរ អតីត​សិស្ស​របស់ កាំង​ហ្កេកអ៊ាវ បាន​ឱ្យ​ដឹង​ថា គាត់​ជា​គ្រូ​បង្រៀន​ម្នាក់​ដែល​ធ្វើ​ឱ្យ​សិស្ស​ជា​ច្រើន​និយម​ចូល​ចិត្ត​គាត់ ៖ «គាត់​ចូល​ចិត្ត​ជាមួយ​សិស្ស ស្និទ្ធ​ស្នាល​ជាមួយ​កូន​សិស្ស​ណាស់ ហើយ​កូន​សិស្ស​ហាក់​ដូចជា​ស្រឡាញ់​គាត់​ហ្នឹង​តែ​ម្តង។ ហើយ​ពេល​ហ្នឹង​គឺ​ថា សាស្ត្រាចារ្យ​ខ្លះ​គេ​ធ្វើ​ឫក​ធំ ធ្វើ​ឱ្យ​កូន​សិស្ស​ខ្លាច​ដល់​គ្រូ។ កាំង​ហ្កេកអ៊ាវ នេះ គឺ​មិន​ធ្វើ​ឱ្យ​កូន​សិស្ស​ខ្លាច​ទេ គាត់​ធ្វើ​ឱ្យ​កូន​សិស្ស​ស្រឡាញ់​រហូត​ដល់​កូន​សិស្ស​ឱប ឬ​ក៏​ចាប់​លើក​បោះ​អ៊ីចឹង ភាគ​ច្រើន​គឺ​កូន​សិស្ស​ស្រឡាញ់​គាត់​ណាស់»។ សូម​បញ្ជាក់​ផង​ដែរ​ថា ការ​សិក្សា​របស់ កាំង​ហ្កេកអ៊ាវ តែង​តែ​បាន​ទទួល​ការ​ជួយ​ជ្រោមជ្រែង​ទាំង​លុយ​កាក់ និង​ការ​លើក​ទឹក​ចិត្ត​ពី​គ្រូ​របស់​គាត់​ឈ្មោះ កែ គីមហួត ជា​និច្ច។[]

ចំណង់ចំណូលចិត្តខ្លះៗ

កែ គីមហួត ជា​អ្នក​ប្រឆាំង​រាជានិយម​ដ៏​ស្រួច​ស្រាល់​បំផុត ហើយ​តាមរយ:​ការ​ណែនាំ​របស់​គាត់ កាំង​ហ្កេកអ៊ាវ ប្រាកដ​ជា​បាន​អាន​កាសែត​ដែល​និយាយ​អំពី​ចលនា​រំដោះ​នៅ​ទូទាំង​ពិភពលោក​នា​សម័យ​កាល​នោះ​ជាក់​ជា​មិន​ខាន។ ទ្រឹស្តី​មហា​លោត​ផ្លោះ​របស់​ប្រធាន ម៉ៅ សេទុង នៃ​ប្រទេស​ចិន តែងតែ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ផ្នត់​គំនិត​របស់ កាំង ហ្កិច​អ៊ាវ ហើយ​រូប​គាត់​តែង​តែ​និយាយ​ទិតៀន​ប្រឆាំង​ទៅ​នឹង​សក្តិ​ភូមិ រាជា​និយម អ្នក​មាន និង​របប​គ្រប់គ្រង​ថា បាន​ជិះជាន់​ប្រជាជន​ក្នុង​សង្គម​នោះ​ជា​និច្ច។ គួរ​រំឭក​ផង​ដែរ​ថា ក្នុង​ពេល​កំពុង​សិក្សា​នៅ​ខេត្ត​កំពង់ធំ កាំង ហ្កិច​អ៊ាវ មាន​មិត្ត​ជា​ច្រើន ដែល​ខ្លះ​នៅ​មាន​ជីវិត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ក្នុង​នោះ​មាន​ដូចជា សុខ ឃាង, សុម៉ាលី និង ហូ ងី ជា​ដើម ហើយ ហូ ងី ដែល​ប្រហែល​ជា​ស្លាប់​នៅ​ឆ្នាំ​១៩៧០ គឺ​ជា​មិត្ត​ជិត​ដិត​បំផុត​របស់ កាំង ហ្កិច​អ៊ាវ។

មរណភាព

បន្ទាប់ពីជាប់ពន្ធនាគារបានរយៈពេល ១០ ឆ្នាំ លោកតាកាំង ហ្កេចអ៊ាវក៏បានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត[][] ដោយសារតែវិបត្តិជំងឺកូវីដ-១៩នៅកម្ពុជា សពរបស់លោកតាកាំង ហ្កេចអ៊ាវត្រូវបានយកទៅបូជាភ្លាមៗនៅថ្ងៃដដែលនោះដោយមិនបានធ្វើពិធីបុណ្យសព្វតាមប្រពៃណីទំនាមទម្លាប់ខ្មែរនោះទេ។[]

មើលផងដែរ

ឯកសារយោង

  1. "Propaganda, Torture and French Colonial Heritage: Looking into the Methods of the Khmer Rouge - Cambodia Tribunal Monitor". www.cambodiatribunal.org. Retrieved 25 November 2018.
  2. ២,០ ២,១ "Biography of Kang Kek Iew (Comrade Duch)". វិទ្យាបារាំង RFI. Retrieved 4 September 2020.
  3. ហូ, ថុនា (2 កញ្ញា 2020). "កាំង ហ្កេចអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ – Kang Kek Iew, former leader of S-21 prison". រស្មីកម្ពុជា. https://www.rasmeinews.com/archives/359350។ បានយកមក 4 កញ្ញា 2020. [តំណភ្ជាប់ខូច]
  4. ញឹម សុផល (2 កញ្ញា 2020) "ភ្ញៀវប្រចាំថ្ងៃ - លោក ហង្ស វណ្ណៈ៖ 'ការស្លាប់របស់ឌុច គឺជាការបាត់បង់អ្នកដឹងការពិតម្នាក់ពីអាថ៌កំបាំងរបស់ខ្មែរក្រហម' " វិទ្យុបារាំង RFI ដកស្រង់នៅថ្ងៃ 4 កញ្ញា 2020
  5. ស៊ុន ណារិន, ២ កញ្ញា ២០២០, "សព​​អតីត​ប្រធាន​មន្ទីរ​ស​២១​សម័យ​ខ្មែរ​ក្រហម លោក ឌុច ត្រូវ​បូជា​ដោយ​មិន​បាន​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ", VOA News

អានបន្ថែម​​

Kembali kehalaman sebelumnya